
ភ្នំពេញៈ ស្ត្រីម្នាក់ និងបងប្រុសរបស់ខ្លួន បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលគាត់ដាក់នៅក្នុងអាវមិនសម្រេច បណ្ដាលឲ្យដួលម៉ូតូទាំងជនសង្ស័យ និងជនរងគ្រោះ។ ភ្លាមៗនោះ ក៏មានបក្ខពួកចំនួនពីរម៉ូតូទៀត មកដឹកយកជនសង្ស័យគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។
ហេតុការណ៍ឆក់កាបូបខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជិតស្តុបផ្សារដេប៉ូ ត្រង់ចំណុចផ្លូវ២១៥ ស្ថិតក្នុងទឹកដីសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសម្ដីស្រ្តីឈ្មោះ អូន ដែលជាជនរងគ្រោះ ប្រាប់ឲ្យដឹងថា នាង និងបងប្រុស បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១១០ ពណ៌ខ្មៅ ដាច់ស្លាកលេខ ចេញពីផ្សារដើមគរ ដើម្បីយកផ្លែអំពិលទឹក និងផ្លែអំពិលគួរទៅលក់នៅផ្សារទួលសង្កែ។ ពេលជិះមកដល់ស្តុបផ្សារដេប៉ូ ហួសតែបន្ដិច ស្រាប់តែលិចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1491 តែម្នាក់ឯង មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់បានដាក់នៅក្នុងអាវ។
ភ្លាមៗនោះ ជនរងគ្រោះបានទាញមកវិញ ទើបបណ្ដាលឲ្យដួលម៉ូតូទាំងពីរតែម្ដង។ ប៉ុន្តែនៅពេលជាមួយគ្នានោះ ស្រាប់តែមានម៉ូតូពីរគ្រឿងទៀត ដែលគាត់មិនចាំម៉ាក បានមកដឹកយកជនសង្ស័យដែលជាបក្ខពួក ហើយគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់វានៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍វាលវង់ បានមកដល់ និងដឹកស្រ្តីរងគ្រោះយកទៅមន្ទីរ និងបងប្រុសទៅតាមក្រោយ ដើម្បីឲ្យពេទ្យលាងរបួស មុននាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល៕



