
ភ្នំពេញៈ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើដំណើរចេញពីកន្លែងធ្វើការឆ្ពោះទៅគេហដ្ឋាន ដោយឆ្លងកាត់ស្តុបផ្សារដើមគរ ក្រលេកទៅលើសួនច្បារក្បែរស្តុប ឃើញសកម្មភាពបុរស២នាក់ មានម្នាក់ អង្គុយគ្រលំភួយ និងម្នាក់ទៀត អង្គុយក្បែរគ្នា មើលទៅហាក់ដូចជាសង្ស័យ ទើបនៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗ។
គួរឲ្យភ្ញាក់ផ្អើលណាស់ ខណៈដែលកម្លាំងអាវុធហត្ថចុះទៅដល់ ស្រាប់តែឃើញអ្នកសុំទាន២នាក់នោះ កំពុងអង្គុយជក់គ្រឿងញៀន នៅកណ្តាលទីសាធារណៈយ៉ាងរំភើយ។
ឆ្លើយតបជាមួយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បុរសម្នាក់ ដែលជាអ្នកជក់ថ្នាំ បានសារភាពថា រាល់ថ្ងៃរូបគេតែងដើរសុំទានបាន១ម៉ឺន ២ម៉ឺនរៀល។ ពេលបានលុយហើយ គេក៏យកទៅទិញគ្រឿងញៀនជក់។
ប្រភពបានឲ្យដឹងថា ក្រោយពេលពិនិត្យឃើញថា បុរសទាំង២នាក់ ដែលជក់ថ្នាំមានស្មារតីកាយសម្បាទន់ខ្សោយ ហើយសមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកពួកគាត់ទៅអប់រំ ផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ពួកគាត់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់នោះ។
ក្រោមរូបភាពនេះ សូមចាត់ទុកជាសារផ្ញើមួយជូនអ្នកធ្វើទានទាំងឡាយ យកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម? តើអ្នកគួរតែបង្វែរទាន ដែលតែងឲ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរសជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិកា មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹង លោកយាយ លោកតា ព្រះសង្ឃក្នុងវត្តអារាម និងសិស្សក្រីក្រ ដែលតស៊ូរៀនជាច្រើនទៀតបានដែរឬទេ?
"បើធ្វើទានដល់អ្នកចេះតស៊ូតែម្តង អាចជួយឲ្យអនាគតគាត់បានប្រសើរឡើងពេញមួយជីវិត តែសម្រាប់អ្នកខ្ជិលច្រអូស យកការសុំទានជាមុខរបរទោះឲ្យទានគាត់មួយជីវិត ក៏គាត់មិនអាចកសាងអនាគតបានប្រសើរឡើងឡើយ"៕