Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ អាវុធហត្ថស្រុកថ្លា បើករថយន្តដេញស្ទាក់ចាប់រថយន្តដឹកឈើ ភ្លាត់ស្នៀតក្រឡាប់ខ្លួនឯងរងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដើម្បីសង្គ្រោះអាយុជីវិត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខស្ថានីយប្រេងឥន្ធនៈ តេឡា យីហោ ភាត ឈន់ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសាំយ៉ុង១គ្រឿង បើកឆ្លងកាត់ស្ពានមេគង្គថ្មី ពីស្រុកថាឡាបរិវ៉ាត់ ចូលមកទីរួមខេត្ត។ គ្រានោះ ក៏មានរថយន្ត១គ្រឿងទៀត ដែលគេស្គាល់ថា ជារថយន្តរបស់អាវុធហត្ថស្រុកថ្លា បានដេញតាមមកពីក្រោយ។ លុះមកដល់ចំណុចផ្លូវកោងកន្លែងកើតហេតុ រថយន្តរបស់អាវុធហត្ថក៏បន្ថែមល្បឿនយ៉ាងលឿន បំណងជែងរថយន្តសាំយ៉ុង ប៉ុន្តែជែងមិនផុត ក៏រេចង្កូតទៅបុកនឹងម៉ាត់លូរ យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ផ្លោងចេញតាមកញ្ចក់រថយន្ត ចំណែករថយន្តបានជ្រុលទៅបុកបង្គោលស្លាកយីហោ វីង វិលបីបួនត្រឡប់ រួចហួសទៅបុកនឹងឃឿនសួនច្បាររងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុបន្តិច គេឃើញមន្ត្រីអាវុធហត្ថម្នាក់ទៀត ចេញពីក្នុងរថយន្តមកជួយលើគ្គីគ្នាដែលរបួសធ្ងន់សន្លប់ស្តូកស្តឹង ដាក់លើរថយន្ត១គ្រឿងទៀតយកទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។

ជនរងគ្រោះឈ្មោះ សុះ សាយ ជាមន្ត្រីអាវុធហត្ថចល័ត ប្រចាំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (រងរបួសធ្ងន់)។

បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលរបស់លោកគ្រូពេទ្យនៅក្នុងមន្ទីពេទ្យខេត្តស្ទឹងត្រែង។ ប៉ុន្តែដោយស្ថានភាពមិនស្រួល ជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor