
បាត់ដំបងៈ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវ និងចុះបង្រ្កាបករណីជួញដូរសារធាតុញៀនជាក់ស្ដែង នាថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្ទះសំណាក់ គាន ថៃ បន្ទប់លេខ២០២ ស្ថិតក្នុងក្រុមទី៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី ១.ឈ្មោះ សាំង សេរី ហៅរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់យាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងទី២.ឈ្មោះ លាង ដឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានដកហូត សារធាតុញៀនប្រភេទមេតំហ្វេតាមីន(Ice) ១កញ្ចប់ធំ ទម្ងន់ជាង១គីឡូក្រាម, ទូរស័ព្ទដៃ២គ្រឿង, ប្រាក់រៀលចំនួន១៦.៦០០រៀល និងរថយន្ត១គ្រឿង ម៉ាក Lexus RX300 ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2L-6169។
ក្រោយចាប់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕



