Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ យុវសិស្សស្រីៗ ចំនួន៦នាក់ បានដួលសន្លប់ទន់ដៃទន់ជើងជាបន្តបន្ទាប់នៅព្រឹកថ្ងៃនេះ ប៉ុន្តែពួកគេត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ករណីនេះ កើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចអនុវិទ្យាល័យ សន្តិភាព ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អនុសេនីយ៍ទោ វ៉ន វាសនា មន្ត្រីនគរបាលខេត្តប៉ៃលិន ឲ្យដឹងថា យុវសិស្ស៦នាក់ នៃវិទ្យាល័យខាងលើ បានទន់ដៃទន់ជើងដួលសន្លប់នៅព្រឹកនេះ ខណៈពេលពួកគេមករៀនដូចសព្វមួយដង។ យុវសិស្សរងគ្រោះ មានទី១/ឈ្មោះ ឌឿម ស្រីដែន អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧B, ទី២/ឈ្មោះ ង៉ែត ស្រីពៅ អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៧B, ទី៣/ឈ្មោះ ស៊ុយ សៀកម៊ី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៧B, ទី៤/ឈ្មោះ អូង ធីណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧B, ទី៥/ឈ្មោះ ភី ចាន់ផល អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧A និងទី៦/ឈ្មោះ ដេម សៀកម៊ី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧A។

បើតាមការសាកសួរពីយុវសិស្ស ឌឿម ស្រីដែន បានប្រាប់ថា រូបគេបានឈឺមកពីផ្ទះ មិនសូវស្រួលខ្លួន ដល់ពេលមកដល់សាលារៀន ធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើង។ ដោយឡែក ចំពោះយុវសិស្ស៥នាក់ផ្សេងទៀត ដែលបានកើតអាការៈដួលសន្លប់ទន់ដៃទន់ជើងដូចគ្នានេះ បានប្រាប់ថា ពួកគេបានចូលទៅបណ្ណាល័យ ហើយបានចេញទៅរត់លេងក្បែរតុដែលទើបបាញ់ថ្នាំថ្មីៗ ដែលមានធំក្លិនថ្នាំ។ មួយសន្ទុះក្រោយមក ពួកគេទាំង៥នាក់ ក៏បានកើតអាការៈដួលសន្លប់ទន់ដៃទន់ជើងតែម្ដង។

លោក វាសនា បញ្ជាក់ថា ពួកគេទាំង៦នាក់នេះ សុទ្ធតែធ្លាប់បានកើតអាការៈនេះពីរបីដងរួចមកហើយ ហើយពួកគេក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោមការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យយ៉ាងយកចិត្តទុកដាក់។ រហូតមកទល់នឹងម៉ោងជាង១២ថ្ងៃត្រង់នេះ ពួកគេបានធូរស្បើយច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor