
ភ្នំពេញៈ កម្លាំងផ្នែកគ្រប់គ្រងជនបរទេស និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង១១ នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងការិយាល័យអន្តោប្រវេសន៍ នៃស្នងការរដ្ឋានរាជធានីភ្នំពេញ បានចុះដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នឹងការទទួលពាក្យសុំទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ នៅក្នុងខណ្ឌដូនពេញ។
ប្រតិបត្តិការនោះ ធ្វើឡើងនៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩៖០០នាទី ក្រុមការងារបានចុះដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ នឹងការទទួលពាក្យសុំទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ នៅក្នុងខណ្ឌដូនពេញ ដឹកនាំដោយលោក ស រដ្ឋា លោកអធិការងទទួលការងារអន្តោប្រវេសន៍ ក្នុងនោះជនអន្តោប្រវេសន៍វៀតណាម ដកហូតបានសរុបចំនួន ១៨គ្រួសារ មនុស្សចំនួន៧៤នាក់ ស្រី ២៩នាក់ និង ៤៨ឯកសារ ព្រមទាំងដកហូតសៀវភៅស្នាក់ចំនួន១៣គ្រួសារ, សៀវភៅគ្រួសារ៥ច្បាប់, សំបុត្រកំណើត២២ក្បាល, អត្តសញ្ញាប័ណ្ណ៨ក្បាល បានមកប្រកាសបង់លុយ ១៤គ្រួសារ មនុស្សចំនួន២៧នាក់ ស្រី២០នាក់ អាយុចាប់ពី១៨ឆ្នាំឡើងចំនួន២៧នាក់។

គួររំលិកថា រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកម្មវិធីប្រកាសបើកយុទ្ធនាការ ស្តីពីការងារចុះជួយដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ ដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនអន្តោរប្រវេសន៍ និងដាក់ពាក្យស្នើសុំប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ ធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារទី៣។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងទទួលផែនអន្តោប្រវេសន៍ លោក ហួត ចាន់យ៉ាន់រ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ តំណាងកុងស៊ុលវៀតណាម ប្រចាំខណ្ឌដូនពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕



