
ភ្នំពេញៈ រដ្ឋាភិបាលចិន បានច្រានចោលមតិមួយចំនួន ដែលលើកឡើងថា អ្នកវិនិយោគចិន បង្កភាពអនាធិបតេយ្យនៅកម្ពុជា ដូចជាការបង្កើតល្បែងស៊ីសងជាដើម។ រដ្ឋាភិបាលចិន ថាការលើកឡើងបែបនេះ គឺជានយោបាយរបស់ជនខិលខូចប៉ុណ្ណោះ។
ការច្រានចោលបើបនេះ ធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន កាលពីរសៀលពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្ថានទូតចិន ក្នុងរាធានីភ្នំពេញ ដោយលោក ស្យុង ប៉ូ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិន ប្រឆាំងដាច់ខាតចំពោះជនណា ដែលប្រមូលរៀបចំប្រជាជនចិន ចេញក្រៅប្រទេស ក្នុងគោលបំណងប្រព្រឹត្ដល្បែងស៊ីសងខុសច្បាប់ ហើយប្រឆាំងកិច្ចវិវត្ដក្នុងវិស័យល្បែងស៊ីសង ដែលផ្ដោតចំបងទៅលើប្រជាជនចិន។
លោកឯកអគ្គរដ្ឋទូតថា រដ្ឋាភិបាលចិន បានអំពាវនាវពលរដ្ឋចិន ដែលចេញក្រៅប្រទេសទាំងអស់ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់របស់ប្រទេសគេ គោរពប្រពៃណីទំនៀមទំលាប់ប្រជាជនក្នុងតំបន់ និងប្រាស្រ័យទាក់ទង ដោយសន្ដិភាពជាមួយពលរដ្ឋគេ។
តែទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ក្នុងនោះ ពលរដ្ឋចិន មួយចំនួនធំសុទ្ធតែអាចបំពេញបាន តែមានបុគ្គលខ្លះ ខ្វះការអប់រំក៏បានប្រព្រឹត្ដអំពើខុសច្បប់ ចាប់ជំរិតទារលុយតាមទូរគមនាគមន៍ ខ្លះទៀតផឹកស្រាបង្កជម្លោះ រំខានសណ្ដាប់ធ្នាប់ សន្ដិសុខសង្គម ខ្លះទៀតមើលរំលងច្បាប់វិន័យចរាចរណ៍ បង្កគ្រោះថ្នាក់នាំឲ្យរបួសដល់គេឯង។ លោកបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការចាត់ការតាមនីតិវិធីជនទាំងនេះ ឲ្យកាន់តែខ្លាំងបន្ថែម។
លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ស្ថាប័នអនុវត្ដន៍ច្បាប់របស់ចិន និងកម្ពុជា មានកិច្ចសហប្រតិបត្ដិការគ្នាយ៉ាងជិតស្និត រួមគ្នាបង្ក្រាបជនល្មើសជនជាតិចិន ដែលប្រព្រឹត្ដបទល្មើសចាប់ជំរិតទារលុយតាមទូរគមនាគមន៍ និងល្បែងស៊ីសងខុសច្បាប់ជាដើម។ បញ្ហានេះ ភាគីចិន និងកម្ពុជា មានមតិស្រុះស្រួលគ្នាក្នុងកម្រិតខ្ពស់ ដោយពុំអនុញ្ញាតឲ្យជនណាមួយប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ ដែលនាំឲ្យខូចផលប្រយោជន៍របស់ប្រទេសចិន និងប្រជាជនចិននោះទេ។
លោក ស្យុង ប៉ូ បានអំពាវនាវឲ្យប្រជាជនចិន ទាំងឡាយដែលមកកាន់កម្ពុជា រក្សាភាពត្រឹមត្រូវស្អាតបាត ជៀសឆ្ងាយពីល្បែងស៊ីសង។ ចិន នឹងបន្ដការសហការ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជា ប្រឆាំងដាច់ខាតសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ដោះស្រាយរាល់បញ្ហាពាក់ព័ន្ធឲ្យបានសមរម្យ ការពារគុណប្រយោជន៍ស្របច្បាប់ និងត្រឹមរបស់ប្រជាពលរដ្ឋចិន រក្សាការពារបរិយាកាសនៃកិច្ចសហប្រតិបត្ដិការដ៏ល្អប្រលើគ្រប់វិស័យរបស់ចិន និងកម្ពុជា និងថែរក្សាមិត្ដភាពប្រពៃណីប្រជាជនរវាងប្រទេសទាំងពីរឲ្យបានស្ថិតស្ថេរ៕
