
កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចថៃបានបញ្ជូនសាកសពពលករខ្មែរចំនួន២នាក់ត្រឡប់មកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលករទាំង២នាក់នោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅពេលពួកគេធ្វើដំណើរតាមរថយន្តនៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍នេះក៏បណ្ដាលឲ្យពលករចំនួន ១២នាក់ របួសធ្ងន់ និងស្រាលផងដែរ។ ជនរងគ្រោះទាំង២នាក់ រួមមានឈ្មោះ ខុម វណ្ណី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះសុខ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានអះអាងថា ក្រោយពេលសមត្ថកិច្ចថៃបញ្ជូនសាកសពពលករខ្មែរទាំង២នាក់មកប្រគល់ឲ្យអាជ្ញាធរខ្មែរភ្លាម ខាងអាជ្ញាធរបានប្រគល់ទៅឲ្យសាច់ញាតិភ្លាមៗដែរ ដើម្បីយកទៅបុណ្យតាមបែបសាសនានៅឯស្រុកកំណើត។
លោក យ៉ាល់ ប៊ុនពៅ មន្ត្រីទំនាក់ទំនងព្រំដែនប៉ោយប៉ែត ឲ្យដឹងថា មួយរយៈចុងក្រោយនេះអាជ្ញាធរថៃ បានបញ្ជូនសាកសពពលករខ្មែរត្រឡប់មកកម្ពុជា តាមច្រកប៉ោយប៉ែត ស្ទើររៀងរាល់ខែ។ ដោយឡែកកាលឆ្នាំ២០១៧ កន្លងទៅ លោកថា អាជ្ញាធរថៃ បានបញ្ជូនសពពលករខ្មែរប្រមាណ ១៦០នាក់ ប្រគល់ឲ្យអាជ្ញាធរកម្ពុជា តាមច្រកព្រំដែននានា រវាងប្រទេសទាំងពីរ។


