Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ត្រួតពិនិត្យយានយន្តកៃច្នៃ ខុសលក្ខណៈបច្ចេកទេស នៅទូទាំងប្រទេស បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ បានសរសេរថា ខ្ញុំសូមអរគុណ ក្រសួងសាធារណការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ត្រួតពិនិត្យ យានយន្តកៃច្នៃ ខុសលក្ខណៈបច្ចេកទេស នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញ លើសទម្ងន់កំណត់ ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិត បងប្អូនប្រជាពលរដ្ឋ

បើតាមរបាយការណ៍ ជំហានដំបូងមានរថយន្តកែច្នៃ ដាក់ទ្រុងសណ្តាងធំៗ ខុសបច្ចេកទេស៨១គ្រឿង ហើយ ដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀត ត្រូវបានដោះទ្រុង សណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ រថយន្តធំៗ វែងៗ ទាំងនោះ ព្រោះភាគច្រើន បើកលឿននៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំង។ ក្នុងនោះក៏មានរថយន្តសណ្តោងធំៗ វែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុង ទម្លាក់ឥវ៉ាន់ ចតធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សម្ដេចបន្ថែមថា ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា ត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក ត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ ប្រឈមនឹងការដកតួនាទីមុខតំណែង។

សម្ដេចបញ្ជាក់ថា បើនៅតែឃើញរថយន្តទាំងនោះបន្តសកម្មភាព ជនរួមជាតិអាចចូលមកផ្ញើសារ ចូលក្នុងហ្វេសប៊ុក (Facebook) របស់សម្តេច ហើយសម្តេច នឹងចាត់វិធានការ ដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ធ ទាំងនោះមិនអនុវត្តន៍។

សូមរំលឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដី នៃខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា នឹងមិនអនុញ្ញាតឲ្យរថយន្ត តទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះ បានធ្វើឲ្យខូចខាតផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាល ខិតខំសាងសង់យ៉ាងលំបាក។

សម្ដេច បានព្រមានដកតំណែង អភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះ មិនបានចេញពីតំណែង បើសិនជាករណីរថយន្តតទ្រុង ខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្ត របស់ខ្លួនទៀត។ ប្រសិនបើប្រើវិធានការ ចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ា នៅមុខផ្ទះសម្តេច ហើយសម្តេចចាប់ពួកគេ ដាក់ពន្ធនាគារតែម្តង។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ បានត្រួតពិនិត្យ រថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (១គ្រឿងអាចពិនិត្យ ច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី៤តោន រហូតដល់៤៣តោន និងបានផាកពិន័យ ជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុង ខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះរៀន តខាងក្រោយ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្ត កែច្នៃកាត់ទ្រុងរថយន្ត យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែច្នៃដំឡើងមាន១៧៧យានដ្ឋាន (មានច្បាប់ ១២៩) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor