
ត្បូងឃ្មុំៈ ត្រឹមតែរយៈពេល១៦ម៉ោងប៉ុណ្ណោះ កម្លាំងនគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្រ្តីម្នាក់ នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្ដមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាទៅលោកឧត្ដមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ចក់ សុខកៅ នាយការិយាល័យព្រទណ្ឌកំរិតធ្ងន់ និងមន្ត្រីជំនាញ ចុះសហការជាមួយស្រុក បើកការស៊ើបអង្កេត រហូតកំណត់មុខសញ្ញាជនសង្ស័យ ដែលជាឃាតក ឈ្មោះ ហាប់ យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ស្ត្រីរងគ្រោះឈ្មោះ ស្មាន ជះ អាយុ៤៨ឆ្នាំ (ជនជាតិខ្នែរឥស្លាម មានសតិមិនប្រក្រតី)រស់នៅកន្លែងកើតហេតុ។
លោក តាំង ឡេស ភេទប្រុស ដែលត្រូវជាបងថ្លៃស្ត្រីរងគ្រោះបានរៀបរាប់ថា ជនសង្ស័យជាអ្នករស់នៅក្បែរភូមិក្បែរគ្នា ហើយរូបគេបានចាប់រំលោភប្អូនថ្លៃខ្លួនរហូតមានផ្ទៃពោះម្ដងរួចមកហើយ តែដោយសារមិនចង់មានរឿងវែងឆ្ងាយណាមួយប្អូនថ្លៃខ្លួនជាមនុស្សមិនគ្រប់ទឹកផង ក៏ត្រូវបានក្រុមគ្រួសារសម្រេចឲ្យទម្លាក់កូនចេញ ដើម្បីបញ្ចប់រឿង តែជននេះមិនព្រមចប់តែងតែគំរាមសម្លាប់ស្ត្រីប្អូនថ្លៃខ្លួនជាញឹកញាប់ រហូតដល់ថ្ងៃកើតហេតុ ដោយឃើញឱកាសល្អហើយឃើញប្អូនថ្លៃរបស់ខ្លួននៅតែម្នាក់ឯងផងនោះ ក៏បានចូលទៅចាប់រំលោភម្ដងទៀត តែមិនបានសម្រេស ដោយខ្លាចថា ស្ត្រីរងគ្រោះយករឿងប្រាប់ទៅក្រុមគ្រួសារម្ដងទៀត ក៏សម្លាប់បំបិទមាត់តែម្ដង។
ចំពោះមុខសមត្ថកិច្ច ជនស្ស័យ បានសារភាពថា ខ្លួនធ្លាប់បានចាប់រំលោភជនរងគ្រោះរហូតមានផ្ទៃពោះ៤ខែម្តងរួចមកហើយ តែក្រុមគ្រួសារទាំងសងខាង សម្រួលឲ្យរំលូតកូនចេញដើម្បីបញ្ចប់រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលត្បូងឃ្មុំ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





