Sponsor
រិទ្ធី

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកអ្នកដែលស្តាប់ការមានប្រសាសន៍សំណេះសំណាល របស់សម្តេច ហ៊ុន សែន ហើយមិនទះដៃជាជនក្បត់ជាតិនោះទេ សម្តេច តែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជានិច្ច។

លោក សុខ ឥសាន បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាម ថា មាត្រា ៣១ និង មាត្រា ៤១ ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានគោរពសិទ្ធិ និង សេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ការសរសេរ ការនិពន្ធ ការបោះពុម្ពផ្សាយ ការផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិចត្រូនិក មានវិទ្យុ ទូរទស្សន៍ ប្រព័ន្ធព័ត៌មានសង្គម ។ល។ និង។ល។  ក៏ប៉ុន្តែ រាល់ការបញ្ចេញមតិខាងលើ ត្រូវមិនឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃ ដល់ទំនៀមទំលាប់ល្អ របស់ប្រជាជន និងជាតិ និងមិនត្រូវឲ្យប៉ះពាល់ ដល់សន្តិសុខជាតិឡើយ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងបន្តថា៖ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងលើកទឹកចិត្ត ព្រមទាំងទទួលយកមកពិចារណា ក៏ប៉ុន្តែរាជរដ្ឋាភិបាលនិង គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានជាដាច់ខាតចំពោះទង្វើ និងការជេរប្រមាថ ការជេរបញ្ចោរ ដែលផ្ទុយពីសិទ្ធិ និងសេរីភាព បញ្ចេញមតិដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ  ។ ជនដែលជេរប្រមាថ ញុះញង់ឲ្យមានការ រើសអើង បែកបាក់សាមគ្គីជាតិ ត្រូវតែទទួលខុសត្រូវចំពោះ ទង្វើអវិជ្ជមានរបស់ខ្លួន។ ទោះទៅដល់ទីណា ក៏ត្រូវតែតាមយកមកឲ្យទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន ។

ចំពោះរឿងដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះបណ្តាជនរំលោភ តែត្រូវជនអគតិមួយចំនួនវាយប្រហារថាជាការរឹតបន្តឹង និងបិទសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ  ការនិយាយនេះ គឺជាការនិយាយបន្លំ បំភាន់មតិសាធារណៈ របស់មហាជនឲ្យយល់ច្រឡំ ហើយវាគ្រាន់តែចូលដៃចូលជើងលើកទឹកចិត្ត ឲ្យជនល្មើសច្បាប់កាន់តែ ប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ។ ជានេះការបញ្ជាក់របស់លោក សុខ ឥសាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor