
ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាទោទន់ ហើយបានបើករថយន្ត CAMRY ក្នុងល្បឿនយ៉ាងលឿនរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសដៃខាងឆ្វេង បាក់បង្គោលសរសមួយដើម និងផ្ទុះបែកទុយោទឹកហូរលិចផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចយានដ្ឋានយីហោ ហ៊ាន បញ្ញា នៅគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារ CAM POST ដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត CAMRY មួយគ្រឿង ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AK-0092 បើកបរដោយបុរសម្នាក់ បើកពីត្បូងទៅជើង សង្ស័យស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកជញ្ជាំងផ្ទះយានដ្ឋានយីហោ ហ៊ាន បញ្ញា បណ្ដាលឲ្យបាក់សរសមួយដើម រួចផ្ទុះបែកទុយោទឹកហូរពេញផ្លូវ ចំណែកម្ចាស់រថយន្តបានរងរបួសដៃឆ្វេង រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកធ្វើការវាស់វែង និងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕







