
ភ្នំពេញៈ កូននេនមួយអង្គ បានរត់រាំបញ្ចេញក្បាច់គុន លើសួនរង្វង់មូលចោមចៅ ផ្អើលអស់អ្នកដំណើរ និងសមត្ថកិច្ចដេញចាប់ពេញសួន សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រឹត។
ហេតុការណ៍ដេញចាប់កូននេនបែកថ្នាំខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅរង្វល់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កូននេនខាងលើនេះ ព្រះនាម ឌួង វណ្ឌី ព្រះជន្ម២១ ព្រះវស្សា បួសរៀនជាសង្ឃ នៅខាងខេត្តបាត់ដំបង ទើបតែវិលមកគង់នៅវត្តក្រាំងធ្នង់ ចេញចូល ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្នុងរយៈពេល៤សប្តាហ៍មកហើយ។

កូននេនខាងលើនេះ បានបួសរៀន ជាសង្ឃរយៈពេល៦ខែមកហើយ នៅខាងខេត្តបាត់ដំបង ហើយប្រើប្រាស់ថ្នាំញៀន តាំងពីពេលនោះមក រហូតដល់ ចាកចេញពីវត្ត មកទីក្រុងភ្នំពេញ រយៈពេល១ខែនេះ គង់ស្នាក់នៅជាបណ្តោះអាសន្ននៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញព្រះសង្ឃមួយអង្គ និមន្តមកដល់សួនច្បាររង្វង់មូលចោមចៅ ដើរបិណ្ឌបាត រួចបែរជាដោះស្បង់ជីវរចេញសល់តែសំពត់ងូត ហក់ឡើងទៅលើស្តូប ចម្លាក់រាំបញ្ចេញក្បាច់គុន បង្កឲ្យភ្ញាក់ផ្អើល អ្នកអ្នកដំណើរ ភ្លាមៗនោះ ប្រជាពលរដ្ឋ បានរាយការណ៍ទៅខាងអាជ្ញាធរ ដើម្បីចាត់វិធានការ ជៀសវាងបង្កផលប៉ះពាល់ដល់ព្រះសង្ឃ ដែលប្រកាន់ខ្ជាប់នូវធម៌វិន័យ។ បន្តិចក្រោយមក កម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ សង្កាត់ចោមចៅ៣ រួមជាមួយកម្លាំងនគរបាលក្រុង ដេញចាប់ កូននេន ហើយនាំយកទៅសាលាសង្កាត់ចោមចៅ៣ ដើម្បីឲ្យអនុគុណ ចាត់វិធានការទៅតាមវិន័យសង្ឃ៕
