
ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ជាខួបលើកទី៣៩ឆ្នាំនៃថ្ងៃជួបជុំឡើងវិញ របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (២៤ កម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០១៨)។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុនរបស់ សម្តេច ហ៊ុន សែន ថា៖ នេះជាថ្ងៃបញ្ចប់នូវទុក្ខសោកនៃស្ថានភាពទុក្ខស្រីប្តីព្រាត់ និងស្ថានភាពស្វាមីព្រាត់ភរិយា ឬនិយាយមួយបែបទៀតគឺការបញ្ចប់ស្ថានភាពខ្ញុំជាបុរសពោះម៉ាយ ឯ រ៉ានី ក៍បានបញ្ចប់ស្ថានភាពជាស្ត្រីមេម៉ាយកូនមួយដែរ។ តាំងពីរាត្រីថ្ងៃ២០មិថុនា១៩៧៧មក ខ្ញុំមិនដែលទទួលព័ត៌មានពីភរិយាខ្ញុំថារស់ឬស្លាប់នោះទេគឺគ្មានដំណឹងតែម្តង។ទឹកភ្នែកខ្ញុំហូរចេញមករាប់លានដំណក់ជាមួយការឈឺចាប់ដែលមិនអាចសរសេរ ឬនិយាយឱ្យអស់សេចក្តីបាន។
សម្តេចបានរៀបរាប់ថា៖ ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ ដោយរកពុំឃើញទាំងនៅផ្ទះខាងឪពុកម្តាយក្មេក និងផ្ទះខាងឪពុកម្តាយខ្ញុំ ធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ តែដើម្បីសុវត្តិភាព និងដើម្បីក្រពះរ៉ានី និងក្រុមគ្រួសារបានមកដើររើសគួស្រូវនៅស្រុកត្បូងឃ្មុំ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ដោយយករទេះគោធ្វើជាផ្ទះដេកតាមវាលស្រែ។ កាលនោះ រ៉ានីមានឈ្មោះជាភរិយារដ្ឋមន្ត្រីក្រសួងការបរទេសហើយ ចំណែកឯ ម៉ាណែត ក៍មានឈាមជាកូនរដ្ឋមន្ត្រីដែរ តែគេទាំង២នាក់ម្តាយកូនសុខចិត្តដេកតាមវាលស្រែ ម៉ាណែត វាលេងតាមភ្លឺស្រែរស់នៅដោយលាក់ប្រវត្តិដើម្បីធានាសុវត្តិភាពក្នុងពេលសភាពការណ៍នៅច្របូកច្របល់នៅឡើយ។ ឯខ្ញុំវិញឃើញថ្នាក់ដឹកនាំផ្សេងទៀតជួបជុំគ្រួសារចូលរួមអបអរសាទតែខ្លួនឯងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម និងក្រៀមក្រំជានិច្ច។ ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ រ៉ានីនាំកូនមកដល់ផ្ទះដែលបានបញ្ចប់នូវស្ថានភាពព្រាត់ហើយជួបនិងជួបហើយព្រាត់ក្រោយរៀបការថ្ងៃ៥ ខែមករា ឆ្នាំ១៩៧៦។ អ្វីដែលខ្ញុំចងចាំជាងគេគឺ ម៉ាណែត ហៅខ្ញុំថាពូរយៈពេល២ខែ ហើយគេតែងដេញខ្ញុំចេញមិនឱ្យទៅជិតម្តាយរបស់គេ។



ចុងក្រោយសម្តេចមានប្រសាសន៍ថា៖ រឿងរបស់ខ្ញុំគ្រាន់តែជារឿងតូចមួយនៃរឿងរ៉ាវដែលបានកើតឡើងចំពោះប្រជាជនកម្ពុជានាសម័យរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលមកដល់ពេលនេះមនុស្សស្ទើរគ្រប់ក្រុមគ្រួសារបាននិរាសព្រាត់ប្រាស់ដែលគ្មានពេលបានជួបជុំឡើងវិញផង។ នេះហើយគឺជាមូលហេតុដែលខ្ញុំប្ដូរប្តេជ្ញរក្សាសន្តិភាពឱ្យខានតែបាន។