
ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឆ្មក់បង្ក្រាបគ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ឆែកឆេររកឃើញម៉្សៅក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់ រួមទាំងសម្ភារៈពាក់ព័ន្ធករណីគ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលផ្ទះលេខ១៧០ ផ្លូវលំ ក្រុមទី២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

លោក វុធ ផូសារវន្ត័ នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់អ្នកយកព័ត៌មាន CAM POST ដឹងថាការចុះបង្ក្រាបនេះ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងកម្លាំងសាលាសង្កាត់ចាក់អង្រែក្រោម និងលោក ជ័យ ថន មេភូមិព្រែកតាឡុង ជាក់ស្ដែងនៅវេលាម៉ោងបង្ក្រាបខាងលើនេះ លោកបានឲ្យកម្លាំងតាមដានមុខសញ្ញាគ្រឿងញៀនដ៏សកម្មរូបនេះជាយូរមកហើយ បន្ទាប់ពីកំណត់មុខសញ្ញាច្បាស់លាស់ហើយ លោកក៏បានបើកប្រតិបត្តិការដឹកនាំកម្លាំងចុះបង្ក្រាបឡោមព័ទ្ធ រួចឆ្មក់ចូលដល់បន្ទប់ជួលនោះតែម្ដង ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ត្រូវជាប្ដីប្រពន្ធ ដែលស្នាក់នៅជាមួយគ្នាក្នុងបន្ទប់ខាងលើ ដោយជនសង្ស័យទី១ ឈ្មោះ សារុន ចាន់ដាណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ទី២ ឈ្មោះ ធាន ខេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ធ្វើការនៅខារ៉ាអូខេមួយកន្លែងនៅម្ដុំព្រែកប្រា។

ដោយធ្វើការឆែកឆេររកឃើញ និងដកហូត ម៉្សៅក្រាមសថ្លា (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក) ចំនួន ១កញ្ចប់ សម្ភារៈសម្រាប់ជក់ថ្នាំមួយចំនួន ថង់វេចខ្ចប់គ្រឿងញៀន១ដុំ និងជញ្ជីងថ្លឹងអេឡិចត្រនិក ចំនួន ១គ្រឿង ទូរស័ព្ទចាស់ ១គ្រឿង និងម៉ូតូម៉ាក Suzuki Step ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-1112 រួចបញ្ចូនទៅប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំនំរឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕






