
កណ្ដាលៈ មនុស្សប្រុសស្រីចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងរុះរើឆាកតន្ត្រី ស្រាប់តែមានរថយន្តឡិចស៊ីស RX300 មួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយបុករះឆាកតន្រ្តី រួមនឹងផ្ទះប្រជាពលរដ្ឋមួយខ្នងបន្ថែមទៀត ទើបរថយន្តអស់ល្បឿនទៅមុខលេងរួច។
ថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពី១២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវលេខ២១ស្ថិតក្នុងភូមិផ្កូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AE-5120 បើកបរពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុ បានបុកឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនិងកន្លែងកើតហេតុ) និងឈ្មោះ អន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ តន្រ្តីសម័យ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនិងកន្លែងកើតហេតុ) ខណៈកំពុងឈររើរោងអកកន្ដង់នៅមុខផ្ទះរបស់ឈ្មោះ ហៃ ឃាន លើផ្លូវជាតិលេខ២១។

អ្នកឃើញហេតការណ៍ បន្តថា ក្រោយពីបុកមនុស្សស្លាប់ចំនួន២នាក់ហើយ រថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកផ្ទះប្រជាពលរដ្ឋឈ្នោះ អាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យខូចខាតផ្ទះ១ខ្នង និងសម្ភារមួយចំនួនធំ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ហើយសន្និដ្ឋានថា អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ បន្តាប់ពីវាស់វែងរួច សាកសពទាំង២ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក កម្លាំងបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕




