Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លឹម មករន្ទ នារសៀលថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៨នេះ បានសម្រេចឲ្យ​នារីកំណាន់របស់ប្រធានមន្ទីរពេទ្យវិសាលសុខ បាននៅក្រៅឃុំបណ្ដោះអាសន្នហើយ ក្រោមលក្ខខណ្ឌ​ពីការធានារបស់មេធាវី និងដាក់ប្រាក់តម្កល់ធានាខ្លួន ។

នៅរសៀលថ្ងៃទី២៨ កុម្ភៈនេះ លោកចៅក្រម លឹម មករន្ទ បានគ្រោងនឹងជំនុំសម្រះ​ក្នុងអង្គសេចក្ដីអំពីបទចោទហឹង្សាដោយចេតនាមានស្ថានទម្ងន់​ទោសលើជនជាប់ចោទឈ្មោះ ទួច រស្មី និងឈ្មោះទួច សុធា ២នាក់បងប្អូន ដែលបានគប់លោក ជា សំអាន ប្រធានមន្ទីរពេទ្យវិសាលសុខ បណ្ដាលឲ្យបែកក្បាលដេរ៣ថ្នេរ  ប៉ុន្តែមេធាវីរបស់លោក ជា សំអាន បានដាក់ពាក្យសុំពន្យារពេលសវនាការទៅថ្ងៃក្រោយ ហើយចៅក្រមតុលាការក៏បានសម្រេចពន្យារពេលសវនាការ។

ជាមួយគ្នានេះមេធាវីរបស់ជនត្រូវចោទបានដាក់ពាក្យសុំធានាកូនក្ដីឲ្យនៅក្រៅឃុំវិញ។ ដូច្នេះចៅក្រមបានសម្រេចយកករណីសុំនៅក្រៅឃុំមកជំនុំជម្រះ​វិញ។

ក្នុងសវនាការជនជាប់ចោទ ទួច រស្មី បានលើកពីហេតុផលខាងសុខភាពនិងករណីមានកូនតូចៗ៣នាក់នៅក្នុងបន្ទុកគ្មានអ្នកមើលថែទាំ ទើបខ្លួនសុំនៅក្រៅឃុំ ដើម្បីថែរក្សាកូនៗ។  ចំណែកលោកមេធាវី ធុយ សុគន្ធ បានដាក់ពាក្យធានាកូនក្ដីរបស់ខ្លួន និងចូលខ្លួននៅគ្រប់តំណាក់កាលកោះហៅរបស់តុលាការ។

ដោយមានសម្អាង និងការធានាបែបនេះ ទើបចៅក្រមបានសម្រេចឲ្យយជនជាប់ចោទទាំង២នាក់បងប្អូននៅក្រៅឃុំបណ្ដោះអាសន្ន ។

ទោះបីយ៉ាងណាតាមរបាយការណ៍សរុបរបស់មន្ត្រីនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះថ្ងៃទី១២ខែកុម្ភៈ បានបញ្ជាក់ថា ក្នុងពាក្យបណ្តឹងរបស់ឈ្មោះជា សំអាន អាយុ៦១ឆ្នាំ ទីលំនៅផ្ទះលេខ៦០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការ៣៧មន បានដាក់ពាក្យប្តឹងចោទប្រកាន់មនុស្សពីរនាក់ គឺឈ្មោះ ទូច រស្មី ភេទស្រី អាយុ៣៧ឆ្នាំជា ប្រពន្ធ និងឈ្មោះ ទូច សុធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ១០៣៥ បុរីសេរវេនវីឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទប៉ុនប៉ងមនុស្សឃាត។

ក្នុងពាក្យបណ្តឹង បានអះអាងថា កាលពីវេលាម៉ោងប្រហែល៥៖៣០ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនបានចេញពីក្នុងបន្ទប់ដេក( ទីតាំងផ្ទះលេខ១០៣៥) ក៏បានជួបជាមួយឈ្មោះ ទូច ច័ន្ទរស្មី ហៅអាម៉ី និងឈ្មោះទូច សុធា ហៅតុង ដោយពេលនោះខ្លួនបានសួរទៅអ្នកទាំងពីរថា មានរឿងអី ស្រាប់តែបុរសឈ្មោះតុង ស្ទុះចូលមកវាយខ្លួន និងបានចាប់ដៃទាំងពីររុញផ្ទប់នឹងជញ្ជាំង រួចហើយឈ្មោះទូច ចាន់រស្មី បានវាយក្បាលខ្លួនមួយធុងជ័រស្រោចផ្កាបណ្តាលឱ្យបែកក្បាលហូរឈាមដួលទន់ជង្គង់ និងក្រោយមកទៀតខ្លួនត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យ ព្យាបាលក្នុងមន្ទីរពេទ្យ។

តាមចម្លើយរបស់ឈ្មោះទូច ចាន់រស្មី បានឱ្យដឹងថា ខ្លួនជាស្ត្រីមេម៉ាយ ប្តីស្លាប់ ហើយមានកូនចំនួន២នាក់ ។ មកដល់ដើមឆ្នាំ២០១៣ ខ្លួនបានទំនាក់ទំនងគ្នាតាមទូរស័ព្ទស្គាល់បុរសម្នាក់ឈ្មោះ ជា សំអាន មុខរបរវេជ្ជបណ្ឌិត។ ក្រោយស្គាល់គ្នា បានរយៈប្រហែល៣ខែ ពួកយើងបានត្រូវរ៉ូវគ្នា និងបានរួមភេទជាមួយគ្នា និងបានរស់នៅជាមួយគ្នាដូចប្តីប្រពន្ឋ នៅផ្ទះជួលក្រោយ ប្រេស៊ីដង់។ បន្តមកទៀតខ្លួននិងឈ្មោះជា សំអាន បានរស់នៅជាមួយគ្នា កើតបានកូនស្រីម្នាក់ ឈ្មោះជា ម៉ាណា កើតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ ក្នុងខែមីនា ឆ្នាំ២០១៧ ខ្លួនបានប្តូរ ទីតាំងក្រុមហ៊ុនមកកន្លែងថ្មីជួលផ្ទះប្តីខ្លួនឯង(ជា សំអាន ផ្ទះលេខ១០៣៥) ក្នុងតម្លៃ៦០០ដុល្លារ។ នៅថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ ខ្លួនបានចូលមកក្នុងផ្ទះ មានកូន ចៅម្នាក់ បានរត់មកឃាត់ខ្លួនមិនឲ្យយឡើងទៅលើ។ ខ្លួនក៏ចុះមក វិញ និងបានទូរស័ព្ទទៅប្រាប់ប្អូនស្រីគាត់ថា បងប្រុសគាត់យកស្រីមកដេកក្នុងបន្ទប់ខ្លួន រួចហើយខ្លួនបានដើរចូលក្នុងបន្ទប់ទទួលភ្ញៀវនិងចាក់គន្លឹះទ្វារអង្គុយម្នាក់ឯង ។មួយសន្ទុះក្រោយ ខ្លួនក៏បានបើកទ្វារចេញទៅក្រៅបន្ទប់និងបានកាន់ ធុងជ័របំរុងចេញទៅស្រោចផ្កា ស្រាប់តែជួបប្តីខ្លួន ។ពេលនោះប្តីឈ្មោះជា សំអាន បានស្រែកជេរខ្លួនថា មីចុយម្រ៉ាយ ហ្ងែងទើបមកពីណា ហ្ងែងទើបមកពីចុយប្រុសអី ទើបថ្មើរនេះបានចូលដល់ផ្ទះ មីក្បត់ ហ្ងែងតែហ៊ានធ្វើអីស្រីរ័ត្ន អញចាប់ហ្ងែងដាក់គុក ។ពេលនោះ ដោយខ្លួនខឹងខ្លំាងពេក ទ្រាំមិនបាន ខ្លួនក៏បានគប់បុរសជាប្តីមួយធុងជ័រនោះ ស្រាប់តែ ឃើញក្បាលគាត់ចេញឈាមពេលនោះខ្លួនបានទូរស័ព្ទហៅអ្នកបើកឡានមកជូនគាត់ទៅមន្ទីរ ពេទ្យនិងក្រោយមកទៀត ពួកខ្លួនត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរ។

តាមចម្លើយរបស់ឈ្មោះទូច សុធា បានឱ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ ខ្លួនបានចូលមកដល់ក្រុមហ៊ុន ស្រាប់តែមានបុគ្គលិកម្នាក់បានមកប្រាប់ខ្លួនថា ប្តីប្អូនស្រីឈ្មោះ ជា សំអាន បាននាំស្រីមកដេកក្នុងបន្ទប់ជាន់ទី២ ។ ក្រោយមកទៀតខ្លួនបានលឺសម្លេងឈ្លោះប្រកែកគ្នារវាងប្អូនស្រី និង ប្តីរបស់វា ជជែកគ្នាខ្លាំងប្រមាណជា១០នាទីក្រោយមក ខ្លួនក៏បានលឺសម្លេងប្រាវៗ ខ្លួនក៏បានឡើងទៅមើល ដោយឃើញប្អូនស្រី និងប្តី ជជែកគ្នាខ្លាំងៗខ្លួនក៏ចូលទៅឃាត់ ឈ្មោះជា សំអាន ឱ្យចុះមកក្រោម កុំឲ្យយឈ្លោះគ្នា ដោយប្អូនស្រីឃើញខ្លួនគៀក បុរសជាប្តីជាប់ចុះមកក្រោម ដោយទ្រាំនឹងការជេរខ្លាំងៗពីប្តីមិនបានក៏បានគប់ បុរសជាប្តីមួយធុងជ័បែកក្បាលរហូរឈាមតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor