Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដើរមកពីផឹកស៊ីវិញ ឃើញប្ដីប្រពន្ធ​២នាក់ កំពុងឈ្លោះប្រកែកគ្នា ស្រាប់តែស្ទុះទាញដុំថ្មីវាយ​យកៗ បណ្ដាលឲ្យបុរសជាប្ដីរងរបួសបែកក្បាលធ្ងន់ធ្ងរ ហូរឈាមជោកប្រាណ ហើយភ្លាមៗនោះ បានរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាព។

អំពើហិង្សាដោយមិនដឹងមូលហេតុនេះ កើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះ​ឈ្មោះ ស៊ន ម៉ៅ ភេទប្រុស​ អាយុ​៤០ឆ្នាំ មុខរបរសន្តិសុខសាលាខណ្ឌមានជ័យ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ប្រាប់ភ្នាក់ងារ Cam Post ថា នៅមុនពេលកើតហេតុ គាត់កំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដោយមិនបានប្រើហិង្សាលើគ្នានោះទេ ខណៈពេលដែលគាត់កំពុងស្រែកប្រកែកជាមួយប្រពន្ធគាត់តិចតួចប៉ុណ្ណោះ ហើយក៏លេចមុខបុរសឈ្មោះ​ សំ ចាន់ណា ដើរចូលមក។ នៅពេលនោះ គាត់ស្មានតែជននោះចូលមកជួយឃាត់ ដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នាបន្តទៀត ស្រាប់តែជននោះ បានវាយគាត់មួយដៃបែកមាត់ គាត់ក៏បានរត់ដេញវាយវិញ មិនប្រយ័ត្នក៏រអិលជើងដួលផ្កាប់មុខ។

ជនរងគ្រោះបន្តថា នៅពេលដែលខ្លួនដួលផ្កាប់មុខនោះ ស្រាប់តែជនឈ្មោះ សំ ចាន់ណា រត់ទៅរើសដុំថ្ម រួចស្ទុះវាយក្បាលគាត់មួយទំហឹងជាច្រើនដង បណ្តាលឲ្យបែកក្បាលជាច្រើនកន្លែង ហូរឈាមជោកប្រាណតែម្ដង។ ភ្លាមៗនោះ ជនរងគ្រោះដែលបែកក្បាលរបួសហើយនោះ ត្រូវបានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យដេរអស់២៣ថ្នេរ។

ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុនទី១ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ​២០១៨នេះ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក និងឃាត់ខ្លួនជនបង្កយកមកចាត់ការតាមនិតីវិធីច្បាប់ ខណៈបុរសឈ្មោះ​ សំ ចាន់ណា ទីលំនៅ​មិនច្បាស់លាស់នោះ បានរត់គេចខ្លួនបាត់ស្រមោល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor