
ស្វាយរៀងៈ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន២៦នាក់ បានរងរបួសធ្ងន់ស្រាល ដួលរណូករណែលពេញផ្លូវ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មកររោងចក្រ ជែងខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកអ្នកជិះម៉ូតូពីក្រោយយ៉ាងពេញទំហឹង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃច្រកម្រេ្ទស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកហ៊ីហិនដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3.A 5613 បើកបរដោយឈ្មោះ ចាប វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកកម្មករ មានទីលំនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានដឹកកម្មករកម្មការិនីរោងចក្រប្រុសស្រី២២នាក់ ដោយធ្វើដំណើរពីលិទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានវ៉ាជែងហើយស្រាប់តែទៅបុកប៉ះម៉ូតូពីក្រោយម៉ាកហុងដា C125 បើកដោយឈ្មោះ កែវ រីគោ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរចំនួន៣នាក់ មានឈ្មោះ ណាក់ គោរីណា ភេទប្រុសអាយុ៩ឆ្នាំ ជនជាតិខ្មែរ សិស្ស ឈ្មោះ ណាក់ គោអាលីសាប៉ែត ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ សិស្ស និងឈ្មោះ គោ តាម៉ា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ សិស្ស បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។
សមត្ថកិច្ច បានបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ធ្វើអន្តរាគមន៍ ហើយយកជនរងគ្រោះទាំង៤នាក់ ដែលជិះម៉ូតូទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយក្មេងៗ រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម។ ចំណែកអ្នកបើករថយន្តក្រោយកើតហេតុដោយមើលឃើញសភាពការណ៍មិនស្រួល ក៏រត់គេចខ្លួនភ្លាមៗ បន្សល់កម្មករកម្មការិនី រងរបួសស្រាល២២នាក់នៅនិងកន្លែង។
ចំពោះរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿង ចាត់ការតាមច្បាប់៕






