header ads

Sponsor

រិទ្ធី

កាលពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៨ តុលាការដំបូង​ខេត្តកំពតបានសម្រេច​ឃុំខ្លួន​គ្រូឱសថបុរាណ​ខ្មែរ​ម្នាក់​ ដែល​បាន​លក់​ថ្នាំ​ផ្សំ​ចេញពី​ឫស​ឈើ​ដោយ​សង្ស័យ​ថាមាន​សារ​ជាតិពុល​ ដែលធ្វើឱ្យ​មនុស្ស​ម្នាក់​ស្លាប់និង​ម្នាក់​រងរបួស​ធ្ងន់ ដោយ​ចោទពី មនុស្សឃាត​ដោយ​អ​ចេតនា តាម​ច្បាប់​នៃ​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨​ ​ជន​រងគ្រោះ​បានទិញឱសថ​បុរាណ​ខ្មែរ ​យកទៅ​ត្រាំ​ស្រា​ផឹក ពី​ជន​ជាប់​ចោទ នៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត។

លោក ម៉ាន់ បូ​រេ​ត អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តកំពត​បញ្ជាក់ថាក្រោយ​ពី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ ជន​ជាប់​ចោទ​ក៏​ត្រូវបាន​មន្ត្រី​បញ្ជូនទៅ​ឃុំ​​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​។

ជនជាប់ចោទឈ្មោះ លោក​គ្រូ អ៊ឹង ឈាន់ ហៅ កៅ ចំណែកឯជនរង​គ្រោះ​ដែល​ស្លាប់មាន​ឈ្មោះ សំ វណ្ណា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅភូមិកើតហេតុ និង​បុរស​ដែល​កំពុង​ធ្វើការ​សង្គ្រោះ​បន្ទាន់​ ​ឈ្មោះ ​ហ៊ួ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់​នៅ​ភូមិ​សុវណ្ណ​សាគរ ​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត ​ពួកគេ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។

យោងតាម​ការសួរចម្លើយ​ពី​ក្រុម​គ្រួសារ​ជនរង​គ្រោះ​ បាន​ប្រាប់​ថាជន​រងគ្រោះ​ទាំងពីរ​បាន​អង្គុយ​ផឹកស្រា​ថ្នាំ​ក្លែម​សាច់​ឆ្កែ​ជាមួយ​គ្នា លុះ​បន្តិច​ក្រោយ​មក ​ស្រាប់​​តែ​​ជន​រងគ្រោះ​ទាំងពីរ​បានក្អួត​ចង្អោរ ​មាន​សភាព​គួរ​ឲ្យ​បារម្ភ ក៏បាន​ដឹក​ជនរង​គ្រោះ​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម​តែម្តង ប៉ុន្ដែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ​បុរស​ម្នា​ក់បាន​ស្លាប់ តាម​ផ្លូវ​ធ្វើដំណើរ​ទៅ​​ប្រទេស​វៀត​ណាម។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ​ដែល​ជា​ថ្ងៃកើត​ហេតុ នៅ​ភូមិ​កំពង់​គ្រែង​ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត លោ ​អ៊ឹង ឈាន់ (ជនជាប់ចោទ)បាន​យក​ថ្នាំ​ឫស​ឈើ​មួយ​កញ្ចប់មកលក់​ឲ្យលោក សំ វណ្ណា (ជនរងគ្រោះ ស្លាប់)​ ហើយ​គ្រូថ្នាំ​រូបនេះ​ក៏​ចេញទៅ​វិញ​ដែរ។ លុះដល់​ម៉ោង ១១ ព្រឹក លោក សំ វណ្ណា និង​ លោក ហ៊ួ​ត (ជនរងគ្រោះ)ក៏បាន​សាច់​ឆ្កែ​មួយ​ដុំ នាំគ្នា​ចម្អិន​ផឹកស្រា​ដែល​ត្រាំ​ថ្នាំ​នោះ ក្លែម​ជាមួយ​សាច់​ឆ្កែ។ ក្រោយមក​អ្នក​ទាំងពីរ​ស្រាប់​តែមាន​អាកា​រៈ​ក្អួត​ចង្អោរ ទន់​ដៃ ទន់​ជើង រឹង​ក និយាយ​មិន​រួច​តែម្ដង។ ក្រោយពីក្រុមគ្រួសារជនងរគ្រោះ​យក​ស្រាថ្នាំ​នោះ​ឲ្យ​ពេទ្យ​ពិនិត្យ ទើប​ដឹងថា ​ស្រាថ្នាំ​នោះ​មានជាតិពុល។

បើតាម​ការបំភ្លឺ​ពី​សំណាក់​គ្រូ​ផ្សំ​ឱសថ​បុរាណ​ឈ្មោះ​ អ៊ឹង ​ឈាន់ (ជនជាប់ចោទ)បាន​ប្រាប់​​ថា មុនកើតហេតុ ឈ្មោះសំ វណ្ណា បាន​កុម្ម៉ង់​ឲ្យ​ខ្លួន​ផ្សំ​ថ្នាំខ្មែរ​យក​ត្រាំ​ស្រា​ផឹក​សម្រាប់​ការពារ​រោគ​ហឺត ទើប​ខ្លួន​បាន​ផ្សំ​ជូន​តាម​ការ​កុម្ម៉ង់ ​ក្នុងនោះ​មាន​ផ្កា​ស្លាក់(​ផ្កា​ពុល) ដោយ​បាន​ប្រាប់​ទៅ​ជន​រងគ្រោះ​ថា ថ្នាំ​នេះ​បើ​យកមក​ត្រាំ​ស្រា​ត្រូវ​ទុក​រយៈពេល១០ថ្ងៃ​ទើបអាច​ពិ​សារ​បាន បើ​ហូប​ភ្លាម​អាច​ពុល​ស្លាប់​មិនខាន​ឡើយ​។ បន្ទាប់ពី​បាន​ផ្តាំ​រួចហើយ​ជន​រង​គ្រោះ​ ក៏​យក​ថ្នាំ​ទៅ​ត្រាំ​ស្រា ​ប៉ុន្តែ​ជនរងគ្រោះ​មិន​​បាន​អនុវត្តតាម​បណ្តាំ គឺ​ត្រាំ​ភ្លាម​ផឹក​ភ្លែត​តែ​ម្តង ទើប​បណ្តាល​ឲ្យ​ពុល​ស្លាប់​បែប​នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post