
នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ ពលរដ្ឋនៅសង្កាត់ជ្រាវបានឲ្យដឹងថាមានក្រុមឈ្មួញបានឲ្យមនុស្សមួយក្រុមលួចដុតព្រៃលិចទឹកនៅទំនប់៧៨ដែលជាតំបន់៣ ក្នុងភូមិសាស្ត្រភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប អស់រាប់សិបហិតា ដើម្បីវាទយកដីធ្វើកម្មសិទ្ធិ ចំណែកអាជ្ញាធរសង្កាត់ថាអត់ដឹងចាំសួរសិន។
ពលរដ្ឋបានបន្តថាការដុតព្រៃលិចទឹកនេះគឺគេដុតតាំងពីឆ្នាំមុនមកម្លេះអស់ជិត១០ហិតា តែត្រូវបានហាមឃាត់ តែនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមឈ្មួញបានបន្តដុតទៀតអស់ប្រមាណជាង៣០ហិតា។ ពលរដ្ឋបានបន្តថាក្រុមឈ្មួញទាំងនោះ គេមានខ្សែរយៈត្រឹមត្រូវណាស់គឺតាំងពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ទើបពួកគេអាចធ្វើទៅបាន។ ពលរដ្ឋបានបន្តថា ក្រុមឈ្មួញបានដាក់តម្លៃដីនោះក្នុងមួយហិតាចំនួន២ម៉ឺនដុល្លារប្រសិនជាដីនោះគ្មានព្រៃ អ៊ីចឹងហើយទើបក្រុមឈ្មួញបានប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បីវាទយកដីទាំងនេះ។
យោងតាមការចុះផ្សាយរបស់នគរបាលជាតិ បានឱ្យដឹងថា៖ ព្រៃលិចទឹកដែលពួកគេចង់ទិញយកមកធ្វើកម្មសិទ្ធិនោះមានប្រមាណជាង១០០ហិតាក្នុងតំបន់៣ ដែលមានការគ្រប់គ្រងយ៉ាងតឹងតែងពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ប៉ុន្តែវាគួរឲ្យសោកស្តាយត្រូវក្រុមឈ្មួញចង់លេបយកទាំងអស់។ ជុំវិញករណីនេះដែរលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនារសៀលថ្ងៃទី១៦ ខែកុម្ភៈនេះថា ករណីនេះលោកនៅមិនទាន់ដឹងនៅឡើយទេ។
បញ្ហាឈូសឆាយព្រៃលិចទឹកនៅតំបន់ទំនប់៧៨ក្នុងសង្កាត់ជ្រាវនេះ មហាជន បានសំណូមពរទៅអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ខេត្តមេត្តា ជួយអន្តរាគមន៍និងចុះពិនិត្យមើលការរំលោភដីព្រៃលិចទឹកនេះផង។