ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៥ របស់ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានចេញបញ្ជាឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់គ្រប់គ្រងនិងតាមដានជនជាតិចិន ដែលមកធ្វើការងារ និងស្នាក់នៅក្រុងប៉ោយប៉ែតឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលទប់ស្កាត់បទល្មើសផ្សេងៗ ដែលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបាននិយាយថាជនជាតិចិនកំពុងសម្រុកមករស់នៅក្រុងប៉ោយប៉ែត ដោយជួលអគារ និងបើករបរអាជីវកម្មផ្សេងៗ បន្ទាប់ពីខេត្តព្រះសីហនុ។ ដោយសារឃើញសន្ទុះចិនមករស់នៅខេត្តបន្ទាយមានជ័យច្រើន ស្នងការនគរបាលរូបនេះបានបញ្ជាក់ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ តាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងពួកគេ។ បើតាមលោកស្នងការនគរបាល សកម្មភាពជនជាតិចិនមួយចំនួនតូច ដែលមកធ្វើការងារ និងស្នាក់នៅក្រុងព្រះសីហនុនោះ បានបង្កអន្តិសុខដល់សាធារណៈ មានទាំងកាំភ្លើងប្រើប្រាស់ និងបង្ករបួសស្នាមអ្នកដទៃទៀតផង។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលជាតិ ដែលបានស្រង់សម្តីលោក អាត់ ខែម បានបញ្ជាក់ដូច្នេះថា៖ ជនជាតិចិនដែលមកស្នាក់នៅក្រុងប៉ោយប៉ែតរហូតមកដលពេលនេះមិនទាន់មានសកម្មភាពបង្កប៉ះពាល់អសន្តិសុខអ្វីនៅឡើយនោះទេ។ ប៉ុន្តែកន្លងមក ជនជាតិចិនមួយចំនួនមកជួលអគារនៅក្រុងប៉ោយប៉ែតបានលួចលាក់ធ្វើសកម្មភាពជំរិតទារប្រាក់ពីជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិន តាមប្រព័ន្ធអ៊ិនធើណិត ត្រូវរងការបង្ក្រាបឃាត់ខ្លួនពីកម្លាំងសមត្ថកិច្ចកម្ពុជា ដែលមានការសហការពីប៉ូលិសចិនផងដែរ។
លោកឧត្តមសេនីយ៍ទោរូបនេះ បានបន្ថែមថាបើសិនជនជាតិចិនមកធ្វើការងារ និងប្រកបមុខរបរអាជីវកម្មត្រឹមត្រូវតាមច្បាប់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពីព្រោះការចូលមកវិនិយោគរបស់ជនជាតិចិនដោយស្របច្បាប់ ក៏ជាផ្នែកមួយដើម្បីបង្កើនសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាយើងផងដែរ។
ឯកអគ្គរដ្ឋទូតចិនបានស្នើឱ្យជនជាតិចិនមិនត្រូវប្រព្រឹត្តសកម្មភាពល្មើសច្បាប់ណាមួយក្នុងទឹកដីកម្ពុជា និងបានបញ្ជាក់ថាភាគីកម្ពុជានិងចិន បានយល់ព្រមគ្នាពុំអនុញ្ញាតឱ្យជនណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្តិអំពើល្មើសច្បាប់ដែលនាំឱ្យខូចប្រយោជន៍របស់ប្រទេសចិននិងប្រជាជនចិននោះទេ។

