
ស្ទឹងត្រែងៈ រថយន្តយីឌុបដឹកភេសជ្ជៈអូអិឈិ១គ្រឿង វាក់ជាមួយរថយន្តដឹកត្រី ជាន់ហ្វ្រាំងរ៉េចង្កូតក្រឡាប់ខ្លួនឯង សំណាងល្អមិនមានអ្នករងគ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជា៣ ទៅខេត្តព្រះវិហារ នៅលើកំណាត់ផ្លូវជាតិលេខ៧ ជិតចម្ការតាហៅ ស្ថិតក្នុងភូមិរាជានុកូល ក្រុង-ខេត្តស្ទឹងត្រែង។
បើតាមសម្តីតៃកុងរថយន្តបាននិយាយថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តយីឌុបដឹកភេសជ្ជៈ (អូអិឈិ) ចេញពីអូស្មាច់ ខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដើម្បីយកមកទម្លាក់តាមផ្ទះម៉ូយដូចសព្វដង។
ប៉ុន្តែលើកនេះចៃដន្យអាក្រក់ ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកាមរីកែរច្នៃដឹកត្រី១គ្រឿង បើកបរក្នុងល្បឿនលឿន ព្រមទាំងបើកភ្លើងហ្វារ កាត់មុខរថយន្តរបស់គាត់ បណ្តាលឲ្យគាត់ភ្ញាក់ដៃបួងចង្កូត ជាន់ហ្វ្រាំងអូសកង់ រហូតរ៉េធ្លាក់ផ្លូវក្រឡាប់តែម្តង។ ក្រោយមក រថយន្តដឹកត្រី ក៏បានបើករត់គេចខ្លួនភ្លាមៗផងដែរ។
រថយន្តដែលជួបគ្រោះថ្នាក់ គឺជាប្រភេទរថយន្តធន់ធំ(យីឌុប) ក្បាលពណ៌សរ ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2831។
បច្ចុប្បន្ន រថយន្តខាងលើត្រូវបានម្ចាស់ហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕





