Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានបង្ហាញជំនឿជឿជាក់ថា ច្បាប់ថ្មីនឹងត្រូវអនុម័តពេលឆាប់ៗខាងមុខ ដោយព្រឹទ្ធ​សភាសហរដ្ឋអាមេរិក នឹងតម្រូវឲ្យរដ្ឋាភិបាលអាមេរិក រឹតបន្តឹងទណ្ឌកម្មមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ការបង្ហាញក្តីសង្ឃឹមរបស់អតីតមេបក្សប្រឆាំងដ៏ធំនៅកម្ពុជានេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបញ្ជូនសេចក្តីស្នើច្បាប់មួយស្តីពីកម្ពុជា នេះបើតាមការអះអាងរបស់ លោក សម រង្ស៊ី ដែលលោកបានបង្ហាញជាសាធារណៈក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ របស់លោក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

សេចក្ដីស្នើច្បាប់នេះ ផ្តោតលើការទទួលខុសត្រូវរបស់កម្ពុជា និងការវិលមកវិញនៃពាណិជ្ជកម្មឆ្នាំ២០១៨ នឹងបន្តមានសុពលភាព រហូតដល់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានឲ្យដឹងថា កាលពីម្សិលមិញនេះ(៩ កុម្ភៈ) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៥រូប មកពីគណបក្សធំៗទាំងពីរ បានបញ្ជូនសេចក្តីស្នើច្បាប់មួយស្តីពីកម្ពុជា។ ច្បាប់ថ្មីដែលគេជឿជាក់ថា នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ នឹងតម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បន្តឹងទណ្ឌកម្មមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាក្នុងពេលថ្មីៗនេះ

លោកបញ្ជាក់ថា ក្នុងចំណោមទណ្ឌកម្មទាំងនោះ មានការទប់ស្កាត់មន្ត្រីកម្ពុជាមិនឲ្យទៅអាមេរិក ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីពុករលួយផងដែរ។

លោកអះអាងថា ទន្ទឹមនេះអាមេរិក នឹងជំរុញស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក ឲ្យផ្អាកការផ្តល់ប្រាក់កម្ចីឲ្យទៅកម្ពុជាដរាបណា មិនមានការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា។

សូមបញ្ជាក់ថា នាពេលកន្លងមកក្រោយពីការចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិ អាមេរិកបានដាក់ទណ្ឌកម្មលើកម្ពុជាដូចជា បិទទិដ្ឋាការមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសារពួកគេមិនឲ្យទៅអាមេរិក។

ព្រមជាមួយគ្នានេះដែរ ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារ ទេពកោសល្យ វិស្វកម្ម នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់ក្រុមមន្រ្តីអតីតបក្សប្រឆាំង ដែលតែងតែដើរអំពាវនាវដល់បរទេស ឲ្យដាក់សម្ពាធមកលើកម្ពុជា កុំឲ្យចូលមកតំបន់អាស៊ី ប្រយ័ត្នមានការចាប់ខ្លួន តាមរយៈការធ្វើបត្យាប័នអ្នកទោស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor