
សៀមរាបៈ គ្រាប់រំសេវ ផាវជាច្រើនប្រភេទ គេឃើញនៅតែមានការលួចលាក់លក់ក្នុងទីផ្សារមួយចំនួនក្នុងក្រុងសៀមរាប ដែលជាក់ស្ដែងកាលពីថ្ងៃសៅរ៍ម្សិលមិញ កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបបានយ៉ាងច្រើន។ ការបង្ក្រាបលើការលួចលាក់លក់នូវប្រភេទផាវ និងរំសេវទាំងនេះ គឺធ្វើឡើងសំដៅរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដើម្បីជៀសផុតពីការកើតមានអគ្គិភ័យផ្សេងៗ។
សមត្ថកិច្ចខេត្តសៀមរាប ឲ្យដឹងថា កម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ ដឹកនាំដោយវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើត្រួតពិនិត្យនៅតាមផ្សារដើមក្រឡាញ់ ផ្សារបុរីប្រិមប្រិយ៍ និងផ្សារភូមិភាគ ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះអនុវត្តន៍ដើម្បីឈានទៅបង្ក្រាបការជួញដូរ ចរាចរគ្រាប់រំសេវ និងផាវទាំងនេះ ធ្វើឡើងដោយមានការណែនាំពីឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងយោងតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពក្រុងសៀមរាប នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រភពបន្តថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំបងប្អូនអាជីវករ ដែលបានលួចលក់គ្រាប់រំសេវ ផាវ បានចំនួន១៦តូប និងបានធ្វើការដកហូតគ្រាប់រំសេវ ផាវ ដែលច្បាប់ហាមឃាត់ មានដូចជា ផាវគ្រាប់បែក ចំនួន៨ថង់, ផាវកាំជ្រួចលេខ៣០ ចំនួន១៩ដុំ និងលេខ១០ ចំនួន៥៦ដុំ (១ដុំ=១២ដើម), ផាវខ្សែ ចំនួន១៣ប្រអប់, ផាវឈើគូសក្រហម ចំនួន៣៧ដុំ, ផាវឈើគូសខៀវ ចំនួន៩ដុំ, ផាវឈើគូសខ្មៅ ចំនួន៣៥ដុំ, ផាវឈើគូសលឿង ចំនួន១៣ដុំ (១ដុំ=២០ប្រអប់) និងផាវឃ្មុំ ចំនួន១៦ដុំ (១ដុំ=៥ប្រអប់)។ គ្រាប់រំសេវ ផាវ ជាច្រើនប្រភេទ ដែលបានដកហូតបាននេះ ត្រូវបាននាំទៅរក្សាទុក រង់ចាំធ្វើការកម្ទេចចោលទៅតាមបច្ចេកទេស។
សមត្ថកិច្ចបញ្ជាក់ថា ការអនុវត្តនេះ ធ្វើឡើងដើម្បីរក្សាសុវត្ថិភាព សន្ដិសុខ សណ្តាប់ធ្នាប់ ជៀសវាងអគ្គិភ័យ និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលកើតឡើងដោយសារការអុជ រំសេវផាវ និងគ្រឿងផ្ទុះផ្សេងៗ ក្នុងអំឡុងពេលអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះផងដែរ៕


