
កំពង់ស្ពឺៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានេះ គឺបានមកដោយលំបាក ដោយការបូជាសាច់ស្រស់ឈាមស្រស់របស់យុទ្ធជនជំនាន់មុន។ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍនេះ ឱ្យបានគង់វង្សយូរអង្វែង។
ក្នុងពិធីបំពាក់ឋានន្តរសក្តិជាអនុសេនីយ៍ត្រី នាយទាហានសកម្មចំនួន១០៤រូប ដែលបានបញ្ចប់ការសិក្សាអស់រយៈពេល៤ឆ្នាំដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី១៨ នៅសាលានាយទាហានសកម្ម (ត្មាតពង) ខេត្តកំពង់ស្ពឺ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងដូច្នេះ។
សម្តេច បានបន្ថែមទៀតថា ការឆ្លងកាត់នូវវគ្គសិក្សាជំនាញដ៏ច្បាស់លាស់ បង្ហាញឱ្យឃើញថា ប្អូនៗគឺជាយុវជនទំពាំងស្នងឫស្សី និងបន្តវេនរបស់កម្ពុជាយើង ក្នុងការការពារទឹកដី ការពារប្រទេសជាតិ។ យើងមានមោទនភាពចំពោះប្រទេសកម្ពុជា ដែលមានយុទ្ធជនជំនាន់ក្រោយមានកម្លាំងពេញលេញ មានស្មារតីរឹងមាំ រាងកាយស្វាហាប់ ច្បាស់លាស់ ដែលធ្វើឱ្យកម្លាំងយុវជនបន្តវេនរបស់យើងខ្លាំងក្លា មិនចាញ់នឹងប្រទេសដទៃទៀត នោះឡើយ។ ប្អូនៗ នឹងត្រូវទៅបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីការពារបម្រើជាតិមាតុភូមិ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ ចាប់ពីពេលនេះតទៅ។
សម្ដេច សូមប្អូនៗទាំងអស់ចងចាំថា ឱកាស និងអ្វីៗដែលយើងមានមកដល់សព្វថ្ងៃនេះ គឺបានមកដោយសារតែ ពលិកម្មតស៊ូលះបង់របស់យុទ្ធជនជំនាន់មុន ដើម្បីស្វែងរកនូវសន្តិភាពជូនជាតិមាតុភូមិ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានជូនពរដល់ប្អូនៗដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី១៨នេះ សូមប្រកបដោយជោគជ័យគ្រប់ភារកិច្ច នៅក្នុងការបម្រើការពារជាតិមាតុភូមិ និងជួបប្រទះនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






