
ភ្នំពេញៈ បុរសម្នាក់បានឡើងតខ្សែភ្លើងនៅបង្គោលក្នុងវត្តនាគវ័ន្ត ដោយខុសបច្ចេកទេស បានបណ្តាលឲ្យឆក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ប៊ុន សង្ឃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងតភ្លើង មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឡើងទៅតភ្លើងបំភ្លឺផ្លូវនៅក្នុងវត្តនាគវ័ន្ត ខណៈពេលកំពុងតែតភ្លើងនោះ ស្រាប់តែខុសបច្ចេកទេ បណ្តាលអោយឆក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយមក ប្រជាពលរដ្ឋ និងព្រះសង្ឃបាននាំគ្នាទាក់ទងហៅរថយន្តសាម៉ុយមកអន្តរាគមន៍ជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះខាងលើបានស្លាប់ទៅហើយ។

ក្រោយពីគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ហើយ តែក្រុមគ្រួសារមិនអស់ចិត្តបាននាំគ្នាយកទៅកប់ដីខ្សាច់បន្តទៀត។ ព្រោះនៅស្រុកគាត់គេថា កប់ដីខ្សាច់ទៅសង្ឃឹមថា រស់មានជីវិត តែជាអកុសល គឺគ្មានបានជួយឲ្យមានជីវិតនោះទេ។
ក្រោយមក ក៏បានរាយការណ៍ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចអោយចុះមកដល់កន្លែងកើតហេតុ នៅពេលដែលសមត្ថកិច្ចជំនាញបានចុះមកដល់ ក៏បានធ្វើការពិនិត្យកោសល្យវិច័យបានបញ្ជាក់ថា បុរសខាងលើពិតជាបានស្លាប់ដោយសារតែការឆក់ខ្សែភ្លើងពិតប្រាកដមែន។ សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕





