
ភ្នំពេញ)៖ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម បានបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះស្ត្រីរងគ្រោះម្នាក់ដែលបានសម្រាលកូនដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះ ខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែមកហើយ បើទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។
លុះដល់ពេលទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្តយ៉ាងពន់ពេកនោះ គឺបានរកឃើញមូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។

ស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនេះ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង ។
ខណៈនេះកំពុង សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យឯកជនមួយ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការខ្វាយខ្វល់អំពីបញ្ហាអស់លទ្ធភាព ក្នុងការព្យាបាលខ្លួនតទៅទៀត ស្របពេលដែលស្ថានភាព ជំងឺកាន់តែដុនដាបទៅៗ។

ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុងន័យជំរុញឲ្យមានការប្រុងប្រយ័ត្នទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរងគ្រោះបានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងមន្ទីរពេទ្យនៅតែគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ ដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន និយាយរួមគ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរងគ្រោះ។
ខណៈកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យឯកជន នៅរាជធានីភ្នំពេញនេះ ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអស់លទ្ធភាពក្នុងការព្យាបាលជំងឺ។ ដោយអស់លទ្ធភាព ក្នុងការព្យាបាលជំងឺតទៅទៀត ខណៈស្ថិតក្នុងស្ថានភាពឈឺចុកចាប់ធ្ងន់ធ្ងរពេញប្រាណផងនោះ ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ រួមទាំងប្អូនស្រីជនរងគ្រោះ បានលើកដៃទទូចអំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាផ្ដល់ក្ដីសន្ដោសប្រណីជួយឧបត្ថម្ភព្យាបាលជំងឺធ្ងន់ធ្ងរនេះ ឲ្យបានជាសះស្បើយវិញផង។


វីដេអូមានឈាមខ្លាំង អ្នកខ្សោយហាមមើល៖