Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ​បុរសម្នាក់ បាន​បើករថយន្ត Ford មួយគ្រឿងចូលចាក់សាំងនៅស្ថានីយប្រេងមួយកន្លែង នៅពេលចាក់សាំងនិងគិតលុយរួចហើយ ភ្លេចខ្លួនកាច់សោជាន់ហ្គែរស្ទុះទៅបុកធុងសាំង ក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើលយ៉ាងច្រើន។

ហេតុការណ៍គ្រោះថ្នាក់គួរឲ្យ​ភ្ញាក់ផ្អើលនេះ ​​កើតឡើង​វេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្ថានីយប្រេងឥន្ទនៈ TOTAL តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញមានរថយន្ត Ford ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ​ 2H-9784 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​តាមផ្លូវសហព័ន្ធរុស្ស៊ី​ រួចកាច់ចង្កូតបត់ចូលចាក់សាំង បន្ទាប់ពីចាក់សាំងនិងគិតលុយរួចហើយ គាត់ក៏ច្រលំជាន់ហ្គែររថយន្តស្ទុះទៅបុករះទូជាប់ធុងចាក់ប្រេង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង​ តែមិនមានរងរបួសដល់មនុស្សនោះទេ ភ្លាមៗនោះគេឃើញបុរសដែលបើកទ្វារថយន្តខាងលើ លូនចេញតាមទ្វារមក រួចទាក់ទងហៅសាច់ញាតិឲ្យមកកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយចេញសំណង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ភ្លាមៗនោះបុរសដែលជាម្ចាស់រថយន្តបានសម្រួលជាមួយម្ចាស់ស្ថានីយប្រេងឥន្ទនៈ រួចព្រមសងថ្លៃការខូចខាត ទាំងស្រុង ហើយហៅអ្នកឈរមើលហេតុការណ៍ជួយរុញរថយន្តឡើងមកវិញ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យ​កូនប្រុសម្ចាស់រថយន្ត បើកយកទៅជួសជុលដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor