Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ រថយន្ត២គ្រឿង ក្នុងដំណើរបញ្ច្រាសទិស បានព្រលះគ្នាពេញទំហឹងត្រង់ចំណុចភ្លើងស្តុប កណ្តាលក្រុងសៀមរាប លាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តម្ខាង ក្រឡាប់ជាច្រើនត្រឡប់ មើលទៅហាក់សាហាវជាងក្នុងរឿងកុនហូលីវូដទៅទៀត តែមិនបាត់បង់អាយុជីវិតមនុស្សនោះទេ។

ហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះ បានកើតឡើង នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទីរំលងអាធ្រាត្រ ស្ថិតត្រង់ចំណុចភ្លើងស្តុប(សុខា) ឬស្តុបតុលាការចាស់ ។

លោក ខេមរា មន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប បានឲ្យដឹងតាមទូរស័ព្ទថា រថយន្ត២គ្រឿង ទី១.រថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2K-9145 បើកបរដោយឈ្មោះ វិន មេងហួរ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្សារស្វាយធំ ស្រុកប្រាសាទបាគង ជាអ្នកតំឡើងអង់តែនប្រព័ន្ធ០១២ បើកបរក្នុងដំណើរពីជើងទៅត្បូង មានគ្នា២នាក់ រងរបួសស្រាល។ ចំណែក១គ្រឿងទៀត ម៉ាក ស៊ីណា(syina) ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3407 បើកបរដោយឈ្មោះ យុម រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅខេត្តបន្ទាយមានជ័យ ក្នុងដំណើរពីលិចទៅកើត ក្រឡាប់ចាច្រើនត្រឡប់ មានអ្នករួមដំណើរម្នាក់ រងរបួសស្រាល។

មន្ត្រីដដែលឲ្យដឹងទៀតថា ទោះបីជារថយន្តទាំង២គ្រឿង ត្រូវអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ តែក៏នៅមិនទាន់បញ្ចាក់បានថា ភាគីណារំលោភលើផ្លូវភាគីណានោះទេ ពេលនេះកំពុងពិនិត្យលើប្លង់គំនូសចរាចរណ៍នៅឡើយ ។ ប៉ុន្តែភាគីតាកូម៉ាជាអ្នកបុក ហើយម្ខាងទៀតក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សរងរបួសស្រាល និងរថយន្តទាំងពីរ ខូចខាតស្ទើទាំងស្រុង។

សាក្សីឃើញហេតុការណ៍ បានប្រាប់ថា នៅមុនកើតហេតុ ដោយភ្លើងស្តុបកំពុងលោតសញ្ញាពណ៌លឿង បង្ហាញអំពីការប្រុងប្រយ័ត្ន គេឃើញរថយន្តទាំងពីរគ្រឿងបោះពួយយ៉ាងលឿន ហាក់បីដូចជាប្រញ៉ាប់ថា នៅផ្ទះរៀងខ្លួនមានរឿងធំអីយ៉ាងចឹង។ លុះពេលមកដល់ស្តុប ម្នាក់ៗហាក់ដូចដណ្តើមយកផ្លូវរៀងខ្លួន ក៏បុកគ្នាយ៉ាងពេញទំហឹង លាន់ឮដូចរន្ទះផ្អើលមនុស្សទាំងកណ្តាលអាធ្រាត្រ ។

ក្នុងស្ថានការណ៍នេះ មើលទៅវាសាហាវជាងរឿងក្នុងកុនហូលីវូដទៅទៀត។ ប៉ុន្តែវាក៏ជាសំណាងមួយដ៏សែនធំផងដែរ ដែលក្នុងខណៈនោះមិនមានរថយន្តផ្សេង ឬម៉ូតូផ្សេងៗមកដល់ស្របគ្នា មិនចឹងទេអាចមានអ្នករងគ្រោះឬស្លាប់បាត់បង់ជីវិតជាមិនខាន ។ ពួកទាំងនេះ ប៉ូលិសគួរតែដាក់ពិន័យឲ្យធ្ងន់ធ្ងរទើបត្រូវ ព្រោះកណ្តាលក្រុង ពួកគេបើកបរប្រៀបដូចជាទីលានប្រណាំងឡានអីចឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor