
ភ្នំពេញៈ រថយន្តឈ្នួលចំនួន១០គ្រឿង ដែលសមត្ថកិច្ចខណ្ឌសែនសុខចាប់ឃាត់ទុករយៈពេល៣ថ្ងៃ ដោយសារតែម្ចាស់រថយន្តឈ្នួលទាំងនេះ ឈប់ចតចាប់ម៉ូយរញ៉េរញ៉ៃនៅលើមហាវិថីសហព័ន្ធរ៉ុស្ស៊ី ដែលបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានប្រគល់ឲ្យត្រឡប់ទៅធ្វើការរកសុីវិញ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃពុធ ទី៧ ដល់ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌសែនសុខ បានចាប់ឃាត់រថយន្តឈ្នួលចំនួន១០គ្រឿងបន្ថែមទៀត ដែលឈប់ចតចាប់ម៉ូយរញ៉េរញ៉ៃ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។

មន្រ្តីសាលាខណ្ឌសែនសុខប្រាប់បន្តទៀតថា ការចាប់ឃាត់រថយន្តឈ្នួលទាំងនេះ ព្រោះតែម្ចាស់រថយន្តបានឈប់ចាប់ម៉ូយបង្កភាពអនាធិបតេយ្យ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយ នៅលើមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងដោយអនុវត្តតាមសេចក្តីណែនាំពីសំណាក់លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីពេលកន្លងទៅថ្មីៗនេះ។

ប្រភពបានបញ្ជាក់ថា ក្រោយចាប់ឃាត់ រថយន្តទាំងអស់ ត្រូវបាននាំយកទៅរក្សាទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ និងធ្វើកំណត់ហេតុណែនាំ ដល់ម្ចាស់រថយន្ត ឬអ្នកបើកបរ ដើម្បីឲ្យពួកគាត់បញ្ឈប់ការឈប់ចាប់ភ្ញៀវនៅលើមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីដ៏សំខាន់ សម្រាប់គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។

ដោយឡែករថយន្តទាំង១០គ្រឿងនេះ ត្រូវបានឃាត់ទុករយៈពេល៣ថ្ងៃ ហើយទើបនឹងឲ្យម្ចាស់ធ្វើកិច្ចសន្យា រួចអនុញ្ញាតិឲ្យយកត្រឡប់ទៅវិញ ដោយមិនមានការបង់ផាក ពិន័យអ្វីនោះឡើយ។ ប៉ុន្តែការ ឃាត់ទុករយៈពេល៣ថ្ងៃនេះ ហើយអនុញ្ញាតឲ្យត្រឡប់ទៅវិញនោះ គឺចំពោះតែរថយន្តឈ្នួល ដែលមិនដែលមានកិច្ចសន្យាប៉ុណ្ណោះ។ ដោយឡែកសម្រាប់រថយន្តដែលធ្លាប់មានកិច្ចសន្យា ត្រូវអនុវត្តន៍តាមវិធានការរដ្ឋបាលបន្តទៀត ដោយឃាត់ទុករថយន្តនៅសាលាខណ្ឌដដែល៕




