Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំឡុងជួបពិភាក្សាការងារ ជាមួយអភិបាលរងខេត្តក្វាងទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន គឺលោក អ៊ៅយ៉ាង វ៉ីមីង កាលពីចុងសប្ដាហ៍កន្លងទៅ បានស្នើសុំឲ្យអាជ្ញាធរខេត្តក្វាងទុង ជួយទិញផលិតផល និងជំរុញអ្នកវិនិយោគិន មកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ផ្អែកតាមប្រភពដដែល លោក ប៉ាន សូរស័ក្តិ បានប្រាប់អភិបាលខេត្តក្វាងទុងថា ពេលនេះ កម្ពុជាត្រូវការពង្រីកទីផ្សារបន្ថែមទៀត សម្រាប់នាំចេញទំនិញរបស់ខ្លួន ដូចនេះ សូមស្នើមិត្តចិនជួយទិញកសិផល និងផលិតផលដទៃទៀតពីកម្ពុជា ឲ្យបានច្រើនជាងមុន ដើម្បីឈានទៅសម្រេចឲ្យបានទិសដៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នា លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យភាគីចិន មកវិនិយោគលើវិស័យសំខាន់ៗ មួយចំនួន មានដូចជា៖ រោងចក្រកែច្នៃកសិផល រោងចក្រផលិតគ្រឿងកំប៉ុង ធ្វើឡសម្ងួត និងសាងសង់ឃ្លាំងសម្រាប់ទុកដាក់ស្រូវអង្ករ និងកសិផលជាដើម។

ជាការឆ្លើយតប លោកមអភិបាលរងខេត្តក្វាងទុង បានលើកឡើងថា ខេត្តក្វាងទុង នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដាក់តាំងផលិតផលមកពីអាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានផលិតផលមកពីកម្ពុជាផងដែរ សម្រាប់ប្រជាជនចូលទស្សនា និងស្វែងយល់ថា ប្រទេសកម្ពុជាមានផលិតផលអ្វីខ្លះ តម្លៃយ៉ាងណា? ធ្វើយ៉ាងនេះ ទំនិញពីកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនៅប្រទេសចិន។

បើទោះជាដូច្នេះក្ដី អភិបាលរងខេត្តក្វាងទុងរូបនេះ បានបញ្ជាក់ថា ដោយផ្អែកតាមគោលនយោបាយពាណិជ្ជកម្មចិន បានស្នើឲ្យកម្ពុជា ធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ជាប្រាក់យន់ ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់ ជាជាងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងការបង្កើតឲ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងដោះដូរទស្សនកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដើម្បីបង្កឱកាសឲ្យពាណិជ្ជករ វិនិយោគិន បានជួបពិភាក្សា និងចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នា។

បើតាមក្រសួងពាណិជ្ជកម្មដដែល ខេត្តក្វាងទុង ជាខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ជាតំបន់សេដ្ឋកិច្ចដ៏ធំ របស់ប្រទេសចិន។ ទំហំពាណិជ្ជកម្មសរុប (នាំចេញ និងនាំចូល) របស់ខេត្តក្វាងទុង មានចំនួនប្រហាក់ ប្រហែល ១/៤ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិនទាំងមូល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor