
ភ្នំពេញៈ ស្រ្តីជើងខ្លាំងម្នាក់ ត្រូវកម្លាំងប៉ូលិស និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ស្ទូចទាំងមនុស្សនិងរថយន្តឆ្ពោះមកសាលខណ្ឌដូនពេញ ខណៈដែលស្រ្តីរូបនោះ គាត់បានជេរបញ្ចោររួមទាំងកញ្ឆក់យកទូរស័ព្ទដៃរបស់កងកម្លាំង១គ្រឿងមកបោក បណ្តាលឲ្យបែកខូចខាតអស់ ខណៈកម្លាំងបានចុះជូនដំណឹងកុំឲ្យមានការឈប់ចតលើបណ្តោយផ្លូវលេខ១០៦និង១០៨ ដែលជាផ្លូវហាមឃាត់នោះ ។
ហេតុការណ៍ឃាត់ស្រ្តីជើងខ្លាំងម្នាក់នោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចណុចផ្លូវលេខ១០៨ ស្ថិតខាងលិចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញ ក្នុងការអនុវត្តជាប្រចាំ ណែនាំក៏ដូចជាចេញប្រកាសពីការឈប់ចតនានា នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់ និងបាត់បង់សណ្តាប់ធ្នាប់នោះ ជាពិសេសទៀតនៅបណ្តោយផ្លូវលេខ១០៦ និង១០៨ ដែលជាផ្លូវហាមឃាត់នោះ ទើបនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងប៉ូលិសខណ្ឌ បានសហការជាមួយកម្លាំងប៉ូលិសក្រុង ចុះរៀបចំសណ្តាប់ធ្នាប់ នៅបណ្តោយផ្លូវ២ខ្សែនោះ លុះដល់ក្បែរផ្សារចាស់ ក៏ឃើញរថយន្តម៉ាកToyota Corolla ស៊េរីទំនើប១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AO-3360 បានឈប់ចតនៅចិញ្ចើមផ្លូវមិនឃើញមានម្ចាស់នោះ កម្លាំងបានរៀបចំស្ទូច ស្រាប់តែស្រ្តីម្ចាស់ឡានបានមកដល់សុំអង្វរកម្លាំងកុំឲ្យស្ទូចរថយន្តរបស់គាត់ ពេលនោះកម្លាំងព្រមតាមសំណូមពររបស់ស្រ្តីម្ចាស់ឡានCorolla រូបនោះ ដោយមិនស្ទូចនោះទេ ហើយស្រ្តីរូបនោះក៏បើករថយន្តចេញផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែលស្រ្តីរូបនោះគាត់បើកចេញទៅហើយនោះស្រាប់តែគាត់ក៏បានបត់រថយន្តមករករឿងស្រែកជេរប្រមាថដល់កម្លាំងទាំងអស់នោះវិញ ហើយខណៈនោះកម្លាំងបានលើកទូរស័ព្ទមកថតរូបពីសកម្មភាពដែលស្រ្តីរូបនោះ បានស្រែកជេរប្រមាថដល់កម្លាំងអាជ្ញាធរ ក៏ស្រាប់តែគាត់បានស្ទុះចេញពីរថយន្តរបស់គាត់មកចាប់បោកទូរស័ព្ទដៃមួយគ្រឿង របស់កម្លាំងប្រជាការពារ បណ្តាលឲ្យបែកខ្ទេចខ្ទីអស់ ហើយប្រុងបើករត់ក៏ត្រូវកម្លាំងទាំងអស់នោះ ឃាត់និងស្ទូចទាំងមនុស្សនឹងរថយន្តមកសាលាខណ្ឌដូនពេញ ដើម្បីរក្សាទុកផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែលបញ្ជូនមកដល់សាលាខណ្ឌដូនពេញហើយនោះឃើញថាស្រ្តីរូបនោះ ហាក់ដូចជាស្តូតមកវិញលេងកាចទៀតហើយប្រហែលជាគាត់ដឹងពីកំហុសរបស់គាត់នោះ គឺបានសំណូមពរឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យគាត់ផង។
ដោយសារតែស្ត្រីរូបនោះ គាត់បានដឹងពីកំហុសរបស់ខ្លួនហើយនោះ អាជ្ញាធរខណ្ឌដូនពេញ ក្រោមការសម្របសម្រួលរបស់លោកនាយករដ្ឋបាលខណ្ឌ បានអប់រំណែនាំគាត់ឲ្យឈប់ធ្វើដូច្នេះតទៅទៀត ។ ចំណែកទូរស័ព្ទដៃមួយគ្រឿង ដែលគាត់បានបោកខ្ទេចរបស់កម្លាំងប្រជាការពារម្នាក់នោះ គឺគាត់សុខចិត្តចេញសំណងឲ្យវិញផងដែរ ហើយអាជ្ញាធរក៏អនុញ្ញាតឲ្យគាត់បានវិលទៅផ្ទះសំបែងវិញផងដែរ៕
