Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាថា គណបក្សរបស់លោក គឺជាគណបក្សប្រឆាំងមួយ ដែលធ្វើសកម្មភាពប្រឆាំងដើម្បីឲ្យប្រទេសមានការអភិវឌ្ឍ ហើយធ្វើការរិះគន់មន្ត្រីអសកម្មរបស់គណបក្សកាន់អំណាច ប៉ុន្តែមិនប្រឆាំងផ្តាប់មុខ មិនដឹងខុសត្រូវនោះទេ។

លោក ពេជ្រ ស្រស់ បានផ្តល់សម្ភាសន៍តាមទូរស័ព្ទឲ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ យ៉ាងដូច្នេះថា «  យើងកំពុងមើលចំពោះសកម្មភាពរបស់មន្ត្រីគណបក្សកាន់អំណាច ដែលមានឯភ័យឯកសិទ្ធិ  ដែលបម្រើប្រជាពលរដ្ឋ។ បើពួកគាត់មិនបម្រើរាស្ត្រ និងឆ្លើយតបម្ចាស់ឆ្នោតនោះ យើងជា គណបក្សប្រឆាំងនោះ នឹងធ្វើការរិះគន់ ក៏ដូចជាការបំភ្លឺដើរតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ឆ្នោតតាមលទ្ធភាពដ៏សមស្របណាមួយ»

ប្រធានគណបក្សរូបនេះ ក៏បានលើកឡើងទៀតថា គណបក្សលោកដែលជាបក្សប្រឆាំងថ្មីនេះមិនប្រឆាំង និងធ្វើដូចគណបក្សសង្គ្រោះជាតិនោះទេ។ លោកថា «យើងប្រឆាំងដើម្បី ប្រយោជន៍​ជាតិ និងយកប្រជាពលរដ្ឋជាធំ មិនមែនប្រឆាំងដោះដូរអំណាច ឬដើម្បីដោះដូរ ក្រុ មណាមួយនោះទេ។ អញ្ចឹងយើងមិនមែនប្រឆាំងរហូតនោះទេ ឬផ្តាប់មុខនោះទេ»

លោកបន្ថែមថា «យើងប្រឆាំងត្រង់កន្លែងណា ដែលគេធ្វើអសកម្ម និងធ្វើឲ្យរាស្ត្រហូរទឹកភ្នែក មិនជួយរាស្ត្រ និងប្រឆាំងអ្នកដែលលក់អធិបតេយ្យជាតិ។ យើងនឹងប្រឆាំងឲ្យដាច់ក្បាល ដាក់កន្ទុយតែម្តង» ។

លោក ពេជ្រ ស្រស់ ក៏បានលើកឡើងថា គណបក្សលោកមិនប្រឆាំងអ្វី ដែលគេធ្វើត្រូវនោះទេ  ពោលគឺត្រូវចេះទទួលស្គាល់អ្វី ដែលគេធ្វើត្រូវ មិនចាប់ឡើយប្រឆាំងដោយមិនដឹងមូលហេតុ នោះទេ។

លោកថា «យើងប្រឆាំងដើម្បីអភិវឌ្ឍន៍ ដើម្បីឲ្យម្ចាស់ឆ្នោតឈ្នះនោះ យើងប្រឆាំង យើងមិនប្រឆាំង ដើម្បីណាម្នាក់នោះទេ ឬឲ្យក្រុមណាមួយទេ»

ទាក់ទិននឹងការចូលរួមប្រកួតប្រជែងសន្លឹកឆ្នោតវិញ លោក ពេជ្រ ស្រស់ ក៏បានឲ្យដឹងថា គណបក្សរបស់លោក មានគោលនយោបាយដាក់ជូនម្ចាស់ឆ្នោតរួចហើយ។ ចំណែកបោះ ឆ្នោតព្រឹទ្ធសភាគណបក្សយុវជនសង្ឃឹមលើកពីរករណីគឺ លើកអង្គបោះឆ្នោតខ្លួនផ្ទាល់ និង អង្គបោះឆ្នោតដទៃ ដែលស្រឡាញ់គណបក្សយុវជន និងគិតថាស្រឡាញ់យុវជន និងចង់ឲ្យយុ វជនដឹកនាំអភិវឌ្ឍ។

លោកថា គណបក្សយុវជនបានឈរតែ៣ ភូមិភាគតែប៉ុណ្ណោះ គឺភូមិភាគ ១ ,២, និង៣  ស្ថិតនៅក្នុងខេត្តកណ្តាល ភ្នំពេញកំពង់ចាម និងត្បូងឃ្មុំ។

ជាមួយគ្នានោះដែរ ប្រធានគណបក្សយុវជនក៏បានអះអាងថា គណបក្សរបស់លោកមិនចូលរួមលក់ឧត្តមគតិរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតឲ្យនោះទេ។  គណ​បក្សយុវជនឈរលើគោលការណ៍ត្រឹមត្រូវមិនចូលរួមជាមួយបក្សណានោះទេ។ ផ្ទុយទៅវិញប្រសិនបើលក់នោះ ប្រធានគណបក្សសុខចិត្តរំលាយគណបក្សចោល ធ្វើជាប្រជាពលរដ្ឋធម្មតា។

យ៉ាងណាក្តីការលើកឡើងរបស់លោក ពេជ្រ ស្រស់ ស្របទៅនឹងអ្វីដែលថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានកំពុងលុបបំបាត់មន្ត្រីអសកម្មមួយចំនួន និងជំរុញឲ្យមន្ត្រីទំាងអស់ បម្រើរាស្ត្រ ត្រូវចេះឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យបានច្បាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor