Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឆែ សុធា ប្រធាន​សាខាគយ និងរដ្ឋាករ ​ខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយសុំឲ្យសម្ដេចពន្យារអាណត្តិបម្រើការងារ រយៈពេល១ឆ្នាំទៀត។

យោងតាមលិខិតលោក ឆែ សុធា ដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលទើបនឹងបែកធ្លាយហើយអង្គភាពសារព័ត៌មាន CAM POST ទទួលបាននៅ​ព្រឹកថ្ងៃទី១៤ កុម្ភៈ មានសេចក្តីថា ខ្ញុំបាទឈ្មោះ ឆែ សុធា ភេទប្រុស មានថ្ងៃខែឆ្នាំកំណើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៥៧ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សំណើសុំពន្យារអាណត្តិបម្រើការងាររយៈពេល១ឆ្នាំ (មួយឆ្នាំ) ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទានជ្រាបដ៏ខ្ពង់ខ្ពស់ថា បច្ចុប្បន្នខ្ញុំបាទបានបម្រើការងារជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងបានខិតខំបម្រើជាតិមាតុភូមិ ទទួលបានសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

-ចាប់ពីខែធ្នូ ឆ្នាំ២០១៥ កន្លងមក ខ្ញុំបាទបានខិតខំអនុវត្តយុទ្ធសាស្រ្តកៀគរចំណូល​របស់រាជរដ្ឋាភិបាល ដោយ​បានធ្វើឲ្យចំណូលពន្ធគយនៅខេត្តបន្ទាយមានជ័យ មានការកើនឡើងគួរជាទីមោទនៈ និងថែមទាំងបានបង្ការ និងបង្ក្រាបនូវរាល់បាតុភាព​អសកម្មភាព​នានា ដែលធ្លាប់កើតមានកន្លងមក ដោយជនឆ្លៀតឱកាសមួយចំនួន។

-ខ្ញុំបាទ ជាអនុប្រធានគណៈពង្រឹងស្រុកមង្គលបូរី និងជាប្រធានគណៈពង្រឹង ឃុំឫស្សីក្រោក (ចំនួន១៧ភូមិ) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លើសពីនេះ ខ្ញុំបាទ ក៏ជាអនុប្រធានគណៈពង្រឹង ឃុំព្រែកអំពិល (ចំនួន៧ភូមិ) ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លិខិតលោក ឆែ សុធា ប្រធាន​សាខាគយ និងរដ្ឋាករ ​ខេត្តបន្ទាយមានជ័យ បានធ្លាក់ដល់ដៃសម្ដេចតេជោ ​ហ៊ុន សែន ហើយសម្ដេចតេជោបានចារទៅមេគយ គុណ ញឹម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្តេចឲ្យរក្សាទុករហូតដល់ក្រោយបោះឆ្នោតជាតិឆ្នាំ២០១៨ ដើម្បីគ្រប់គ្រងកិច្ចការជាប្រធានគយខេត្តបន្ទាយមានជ័យ​ ជាករណីពិសេស។

ជុំវិញករណីសូមពន្យារការងាររបស់លោក ឆែ សុធា ខាងលើនេះ មន្រ្តី​គយ​តូចតាច​ក្នុង​ខេត្តបន្ទាយមានជ័យ មានការថ្នើងថ្នាក់ចិត្តជាខ្លាំង ខណៈដែលលោក ឆែ សុធា មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ ​មាន​​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក។ មិនតែប៉ុណ្ណោះ លោក ឆែ សុធា បាន​បើកដៃ​ឲ្យ​កូនចៅ​ជិតស្និទ​ជាមួយ​ខ្លួន​មួយចំនួន ជំរិត​យកលុយ​ពី​ឈ្មួញ និង​អាជីវករ​តាម​អំពើ​ចិត្ត បើទោះបី​ឈ្មួញ​ និង​អាជីវករ​ទាំងនោះ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ​។

ក្រុមមន្រ្តីគយតូចតាច បានបន្តទៀតថា លោក ឆែ សុធា​ បានធ្វើលិខិតខាងលើនេះ ហាក់ដូចជាកុហកនាយករដ្ឋមន្រ្តីថា ខ្លួនបានខិតខំចុះពង្រឹងក្នុងមូលដ្ឋាល ដែលបានរៀបរាប់ខាងលើ  តែធាតុពិត លោក ឆែ សុធា មិនបានចុះមូលដ្ឋានទេ គឺគ្រាន់តែផ្ដល់លុយកាក់ទៅឲ្យ​ក្រុមការងារតិចតូចប៉ុណ្ណោះ ពោលគឺគាត់អង្គុយតែក្នុងប៊ុយរ៉ូ ចាំយកលុយក្រោមតុ​ ពីពួកឈ្មួញធំៗ ដែលនាំទំនិញគេចពន្ធ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor