
ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា រាល់ការធ្វើសកម្មភាព អុកឡុក នៅក្រៅប្រទេសរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី ដើម្បីឲ្យបរទេសមួយចំនួនលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលបញ្ហាទាំងនេះហើយ ជាអំពើបំផ្លាញឯករាជ្យ និងប្រទេសជាតិ។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី២៩ មករា បានប្រកាសជាផ្លូវការ នូវចលនាសង្គ្រោះជាតិ នាទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ហើយចលនាសង្គ្រោះជាតិ រៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ភាគច្រើនមកពីអតីត CNRP ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាពដោយចំហទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។
ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ពិភាក្សានិងអនុម័តសេចក្តីព្រាង វិសោធនកម្មច្បាប់ចំនួន៤ ដោយមានសមាជិក ចូលរួមសរុប១២៣ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេច ស ខេង បានឲ្យដឹងថា ការសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយអង្គការចាត់តាំង ខាងនយោបាយ ដែលមានមេខ្លោង ដឹកនាំធ្វើបដិវត្តន៍ពណ៌ មិនត្រឹមតែអនុវត្តន៍ផ្លូវច្បាប់ប៉ុណ្ណោះទេ តែបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹង សន្ដិភាពនៅកម្ពុជា។
សម្ដេច បន្ដថា ប៉ុន្ដែយ៉ាងណាក្ដីកម្លាំងនយោបាយ ចលនាបដិវត្តន៍ពណ៌ នៅតែបន្ដសកម្មភាពរបស់ខ្លួន នៅក្រៅប្រទេស និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ម្ដងហើយម្ដងទៀត ដោយខិតទៅជាមួយបរទេស ដើម្បីអនុវត្តន៍ជាថ្មី នូវចលនាបដិវត្តន៍ពណ៌ ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ចលនាសង្គ្រោះជាតិ មានគោលដៅឲ្យប្រជាជនខ្មែរ និងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល។
សម្ដេចថ្លែងថា “ការធ្វើសកម្មភាពអុកឡុកនៅក្រៅប្រទេស ដើម្បីឲ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជា គឺជាអំពើបំផ្លាញឯករាជ្យ និងអធិបតេយ្យកម្ពុជា ហើយកាលបញ្ចុះបញ្ចូល ឲ្យបរទេសដាក់ទណ្ឌកម្មនៅកម្ពុជា ដើម្បីផលប្រយោជន៍នយោបាយសួនទួន (នយោបាយទ្រគេ) គឺជាអំពើបំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍ ប្រជាជនខ្មែរទាំងមូល”។
សម្ដេចបន្ថែមថា ផ្អែកលើបរិយាកាសនេះ និងយោងតាមតម្រូវការចាំបាច់របស់កម្ពុជា រាជរដ្ឋាភិបាលបានចាត់តាំង ឲ្យមានក្រុមការងារ ដើម្បីសិក្សាបញ្ហាទាំងនេះ ដូចតាមការទូលថ្វាយ ជម្រាបអង្គរដ្ឋសភា និងបានរកឃើញបញ្ហាមួយចំនួន ដែលមានភាពចាំបាច់ដើម្បីវិសោធនកម្ម ក្នុងនោះរួមមាន មាត្រា៣៤ថ្មី ,មាត្រា៤២ ,មាត្រា៤៩ ,មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
