Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ជនជាតិចិន និងវៀវណាម ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃ។ ជាក់ស្ដែងនៅប្រទេសកម្ពុជាយើងមានបងប្អូនខ្មែរ ដែលជាប់សែ​ស្រឡាយចិន ក៏បាននាំគ្នាអបអរ ពិធីបុណ្យចូលឆ្នាំចិននេះ ដែលនៅតាមហាង ភោជនីយដ្ឋាន និងតាមគេហដ្ឋាន របស់បងប្អូនសែស្រឡាយចិន បានដាក់តាំងដើមផ្កា ជាពិសេសនោះ គឺផ្កាអង្គារសិល៍ ដែលមានទាំងផ្កាស្រស់ ផ្កាជ័រ យកមកតាំងលម្អនៅតាមលំនៅដ្ឋាន ព្រោះគេមានជំនឿថា ផ្កាអង្គារសិល៍ជាផ្កានាំលាភសំណាង និងតំណាងជោគជតារាសីផងដែរ។

ប្រជាពលរដ្ឋដែលមានឈាមជ័រជាសែស្រលាយចិន មានជំនឿថា បើគេយកដើមផ្កាអង្គារសីល៍ទៅដាក់តាំងលម្អផ្ទះ បើផ្កាអង្គាសីល៍រីកក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ នោះមានន័យថា ពេញមួយឆ្នាំ ក្រុមគ្រួសាររបស់ពួកគេ និងមានភាពរុងរឿងពេញមួយឆ្នាំ ដូច្នេះហើយទើបការថែទាំផ្កាអង្គារ៍សីល មានភាពលំបាក និងពិសេសជាងផ្កាដទៃ។

បងស្រី ជា អៀ វ័យជាង៤០ឆ្នាំ ដែលបានទៅទិញដើមផ្កាអង្គារសីល៍ នៅទីតាំងវត្តទឹកថ្លា បាន ឲ្យដឹងថា គ្រួសារគាត់ជាប់សែស្រឡាយចិនតិចតួច ហើយធ្វើពិធីសែនជារៀងរាល់ឆ្នាំ ដោយក្នុងនោះផ្កាអង្គារសីល៍ ក៏ដាក់តាំងលម្អជាប្រចាំដែរ។

បងស្រីថា «ចិនតិចតួចដែរ និងឃើញ​គេសែន សែននិងគេទៅ យើងរកស៊ីមានបាន វាជាអបិជំនឿ ខ្ញុំសែនរាល់ឆ្នាំនិង ហើយផ្កាអង្គារសីល៍ក៏ដាក់រាល់ឆ្នាំដែរ ដែលយើងមិនអាចអត់បាន»។ 

ដោយឡែកបងស្រី ទួន មុំ ដែលជាអាជីវករលក់ផ្កាអង្គារសីល៍នៅម្ដុំវត្តទឹកថ្លា បានឲ្យ​ដឹងថា បងស្រីបានលក់ផ្ការអង្គារសីល៍នេះជាង១០ឆ្នាំមក ដល់ពេលជិតចូលឆ្នាំចិន បងស្រីតែងទៅទិញតពីបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់បានចូលទៅក្នុងព្រៃ ឬឡើងលើភ្នំដើម្បីកាប់ដើម និងមែករបស់វា។ ជាក់ស្ដែងនៅឆ្នាំនេះ ផ្កាអង្គារសីល៍ទិញមកពីបងប្អូន ប្រជាពលរដ្ឋនៅភ្នំឱរ៉ាល់ ហើយដឹកយកមកថែទាំ និងលក់បន្តនៅរាជធានីភ្នំពេញ។ បងស្រីបាន លើកឡើងទៀតថា  ដើម្បីឲ្យ​ផ្កាអង្គារសីល៍ចេញផ្កាច្រើននៅចំថ្ងៃបុណ្យចូលឆ្នាំចិន គឺត្រូវទាមទារឲ្យ​មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ ព្រោះផ្កាអង្គារសីល៍នេះ ការថែទាំលំបាកជាងផ្កាដទៃ។

បងស្រីថា «អូយពិបាកថែណាស់ ជួនកាលក៏ចេញផ្កា ជួនកាលក៏ចេញហួស បើយើងមើលថែអត់ដិតដល់ងាប់តែម្ដង នៅក្នុងព្រៃដាច់ទឹកទម្រាំដឹកដល់កន្លែងលក់ វាដាច់ដង្ហើមវាដាច់ទឹកងាប់អស់ច្រើន។ ទម្រាំថែត្រូវម្ដងៗលំបាកណាស់ បើមេឃរាងក្ដៅចឹង យើងអត់ សូវបាញ់ទឹក ហើយបើមេឃត្រជាក់ក៏វាអត់ចេញដែរ បាញ់អត់ឡើងម៉ងផ្កា។ បើមេឃក្ដៅចឹងទៅ យើងអត់ហត់បាញ់ គ្រាន់តែដាក់ត្រាំទឹកធម្មតា បាញ់ទឹកធម្មតា កាប់ពីភ្នំមកយកមកបេះសន្លឹកនៅ ភ្នំពេញ យកមកថែវា និយាយរួមថ្ងៃទិ២មកដល់ភ្នំពេញ សល់ប៉ុន្មានថែវារហូតដល់ថ្ងៃលក់ចឹងទៅ ហើយ យើងថែរវាអោយគ្រាប់វាឡើងថ្លោសៗចឹងទៅ»

បងស្រី ទួន មុំបានបន្តទៀតថា មុនថ្ងៃចូលឆ្នាំចិន១ថ្ងៃឬ២ថ្ងៃ គឺមានទាំងភ្ញៀវចិន និងភ្ញៀវខ្មែរ បាននាំគ្នាមកទិញផ្កាអង្គារសីល៍ ដើម្បីយកទៅតាំងលម្អតាមលំនៅដ្ឋានរបស់ពួកគាត់។ ចំណែកតម្លៃវិញទៅតាមទំហំដើម និងមានផ្កាច្រើនឬតិច។

បងស្រីថា «ចម្រុះតែម្ដងទាំងភ្ញៀវចិនភ្ញៀវខ្មែរ បើភ្ញៀវចិនធំៗ គឺគេយកដើមធំៗ ហើយទាល់ តែដើមណាមានផ្កាច្រើនបានគេទិញដែរ និងផ្កាច្រើនហើយ ទាល់តែដើមនិងស្អាតទៀត បើដើមក្រញ៉ាញ់ ក៏លក់អត់បានថ្លៃដែរនឹង។ តម្លៃតាមធំតាមតូចផ្កាតិចផ្កាច្រើន និយាយរួមដើមតូចល្មមៗត្រឹម ១៥ទៅ២០បើដើមធំចាប់ពី១៥០ទៅ២០០$ឡើង។ ភាគច្រើមកទិញថ្ងៃទី១៣ -១៤ មុនចូលឆ្នាំ១ថ្ងៃ ឬពីរថ្ងៃ យកទៅឲ្យ​ទៅរីកនៅផ្ទះគេ»

អ៊ុំស្រី ឡាញ់ នាង ជាម្ចាស់ហាងលក់ដើមផ្កាលម្អគ្រប់ប្រភេទ ដែលឋិតនៅបណ្ដោយផ្លូវ ជា សុផារ៉ា បានឲ្យ​ដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ គឺផ្កាដែលលក់ដាច់ជាងគេគឺផ្កាស្បៃរឿង ដើមក្រូច និងដើមផ្កាអង្គារសិល៍ ព្រោះពួកគាត់មានជំនឿថា ដើមផ្កាទាំងអស់នេះ នាំលាភសំណាងដល់ក្រុមគ្រួសាររបស់គាត់ និងជួយលម្អលំនៅឋានរបស់គាត់ផងដែរ។

អ៊ុំស្រីថា «ទី១ សំខាន់ផ្កាស្បៃរឿង ទី២ ដើមក្រូច និងទី៣ ដើមផ្កាអង្គារសិល៍ ដែលមានទៅតាមទំហំរបស់វា។ ផ្កាស្បៃរឿងដំណាងពណ៌លឿង ពណ៌មាស ភាពរុងរឿងក្នុងឆ្នាំថ្មី ហើយ ក្រូច ត្រជាក់ត្រជុំក្នុងគ្រួសារ ហើយអង្គារសិល៍ កាត់មើលថា បើថ្ងៃចូលឆ្នាំរីកចឹង ឆ្នាំថ្មីយីអ៊ុនឡើងរកស៊ីមានបាន ហើយយើងលក់ដាច់តែពេលនិងផងដែរ»

លោកព្រឹទ្ធាចារ្យ កុក ឡុង អ្នកជំនាញហោរាសាស្ត្រចិន បានមានប្រសាសន៍ថា រៀងរាល់ មុនថ្ងៃចូលឆ្នាំចិនមកដល់ បងប្អូនខ្មែរ ដែលមានជាប់សែស្រឡាយចិន តែងតែនាំគ្នាសម្រុកទៅទិញដើមអង្គារសិល្ប៍យកមកដាំរក្សា វាទុកឲ្យរីកផ្កាឲ្យទាន់ចំថ្ងៃចូលឆ្នាំចិន។ តាមចាស់បុរាណចិនមានជំនឿថា ដើមផ្កាអង្គារសិល្ប៍ដាក់លម្អក្នុងស្ថាប័នហាង ឬដាក់ក្នុងផ្ទះ គឺនាំមកនូវសិរីសួស្ដី និងលាភសំណាង តែប្រសិនបើផ្កានោះរីកមិនសូវល្អ ការរកស៊ីនៅឆ្នាំនេះក៏ទៅតាម ហ្នឹងដែរ។

លោកព្រឹទ្ធាចារ្យថា «អង្គារសីល៍ទី១ ថ្លៃថ្នូរ ទី២ នៅស្រុកចិនខាងជើង ផ្កាទាំងអស់គេរោយអស់ មានតែគាត់នេះទេ (អង្គារសីល៍) មិនខ្លាចទឹកកក មិនខ្លាចរងា រឹតតែត្រជាក់ គាត់រីកកាន់តែខ្លាំង ចឹងចិនគេអ្នកមានគេទិញអាធំទៅ អត់មានទិញអាតូចទៅ តែល្អបើ៣ថ្ងៃរីកជាប់ លុយល្អ ផ្កាអង្គារសីលល្អជាងគេ ចំណែកក្រូចក៏គេចូលចិត្តដែរ។ ឥឡូវវិទ្យាសាស្ត្រជឿនលឿន ភាគច្រើនគេទិញពីព្រៃ តែឥឡូវគេ មានបណ្ដុះហើយ យើងមិនទាមទារផ្ការីកគ្រប់រដូវទេ តែល្អក្នុងរយៈពេល៧ថ្ងៃនិង បើអត់ទេយ៉ាងតិច៣ថ្ងៃ ធម្មតាគេទិញផ្កាច្រើនមុខ តែឧកញ្ញា សេដ្ឋី អ្នករកស៊ីធំដុំ គេច្រើនដាក់ផ្កាអង្ការសីល ដែលជាទំនៀមទំលាប់អ្នកមាន ហើយនៅមែកអង្គាសីលគេព្យួរអាំងប៉ាវ ព្យួរពាក្យជូនពរ ចាត់ទុកថាមានផ្លែ មានផ្កាហើយ គឺត្រូវមានផ្លែទៀត ផ្ការីកបានមានលុយចូលស្រួល»។ 

គួរបញ្ជាក់ថា ដើមផ្កាអង្គារសីល៍ ជនជាតិចិន និងវៀតណាមបានចាត់ ទុកដើមផ្ការអង្គារសីលនេះ ជានិមិត្តរូបនៃការតស៊ូ និងភាពជឿជាក់។ តាមធម្មតានៅចំពេលខែចូលឆ្នាំចិននោះ គឺជាពេលដែលមានអាកាសធាតុចុះត្រជាក់ គឺដើមផ្កាអង្គាសីលនេះលាស់ស្លឹកខៀវខ្ចីចេញផ្កា ព្រោងព្រាតពេញព្រៃភ្នំ។ ទាំងអស់នេះហើយធ្វើឲ្យ​ជនជាតិចិនខ្លះនឹកឃើញដល់បុព្វបុរសរបស់ខ្លួន ដែលមានភាពក្លាហានតស៊ូ និងអាកាសធាតុត្រជាក់ ក្នុងការធ្វើសង្គ្រាមការពារទឹកដី ។

ដូច្នេះហើយទើបកូនចៅជំនាន់ក្រោយ បាននាំយកដើមផ្កាអង្គារសីលមកដាក់តាំងលម្អនៅក្នុងផ្ទះ ក្នុងន័យរំលឹកគុណដល់បុព្វបុរសរបស់ពួកគេ។

ដោយឡែកបន្ថែមលើអត្ថន័យខាងលើនេះ វាក៏ជាពេលវេលាសំខាន់សម្រាប់ជួបជុំក្រុមគ្រួសារ និងជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ។ ពិធីបុណ្យចូលឆ្នាំចិន ឬ ពិធីបុណ្យនិទាឃៈរដូវ គឺជាថ្ងៃឈប់សម្រាកសំខាន់បំផុតសម្រាប់ប្រទេសចិន , ហុងកុង , ម៉ាកាវ , តៃវ៉ាន់ វៀតណាម រួមទាំងប្រទេសជិតខាងមួយចំនួនទៀតដូចជា សិង្ហបុរី និង កូរ៉េខាងត្បូង ជាដើម។ ហើយសម្រាប់នៅកម្ពុជាយើងគឺបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំ២០១៨ នេះ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែមករា ពោលគឺជាថ្ងៃចាប់ផ្ដើមនៃឆ្នាំចតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor