មណ្ឌលគិរីៈ គិតមកទល់នឹងពេលនេះ មានរយៈពេល៤ថ្ងៃហើយ ដែលកម្លាំងចម្រុះបានបំបែកសំណុំរឿងបាញ់សម្លាប់មន្រ្តីការពារព្រៃឈើស្រស់ៗនៅក្នុងព្រៃ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម រហូតចុងក្រោយ សមត្ថកិច្ចបានចាប់ខ្លួនឃាតក ដែលជាជនដៃដល់ពិតប្រាកដ ហើយពេលនេះស្ថិតក្នុងការសួរចម្លើយ ដោយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ក្នុងចំណោមមនុស្ស៥នាក់ ដែលជាជនសង្ស័យពាក់ព័ន្ធករណីបាញ់សម្លាប់មន្រ្តីការពារព្រៃឈើនៅខេត្តមណ្ឌលគិរី មេប៉ុស្តិ៍អូរលែ ត្រូវកម្លាំងចម្រុះចាប់ខ្លួនបានចុងក្រោយគេ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ហើយមេប៉ុស្តិ៍រូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាខ្មាន់កាំភ្លើងពិតប្រាកដលបប្រហារផ្ដាច់សង្សារមន្រ្តីការពារព្រៃឈើ៣នាក់។
ទោះជាបែបណា បើតាមមន្រ្តីនគរបាលក្រសួងមហាផ្ទៃជនសង្ស័យ ដែលចាប់បានចុងក្រោយនេះ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កំពុងស្ថិតក្នុងការសួរនាំ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធឯទៀត ដើម្បីឲ្យដឹងពីមូលហេតុ ថាតើ ដើមចមអ្វីបានជាបាញ់សម្លាប់មន្រ្តីការពារព្រៃឈើ៣នាក់ ហើយអ្នកណាខ្លះជាអ្នកពាក់ព័ន្ធ។
ជុំវិញរឿងនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ប្រាប់ CAM POST ថា ពេលនេះ ជនសង្ស័យកំពុងសួរនាំនៅភ្នំពេញ ប៉ុន្តែលោកមិនអាចលម្អិតថា អ្នកណាខ្លះពាក់ព័ន្ធរឿងនេះទេ។
បន្ថែមខ្លឹមសារពីលើមេប៉ូលិស អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា រហូតមកទល់ពេលនេះកម្លាំងចម្រុះ បានឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ហើយ ហើយក្នុងចំណោមនោះ ២នាក់អាចជាប់ពាក់ព័ន្ធពិតប្រាកដ ទាក់ទងនឹងករណីបាញ់សម្លាប់មនុស្សនេះ ដោយឡែក៣នាក់ទៀត កំពុងស្ថិតក្នុងសង្ស័យនៅឡើយ ពោលគឺរង់ចាំចម្លើយពីជនដៃដល់ពិតប្រាកដ ដែលជាមេប៉ុស្តិ៍អូរលែ។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់បន្ថែមថា ករណីបាញ់សម្លាប់មន្រ្តីការពារព្រៃឈើ៣នាក់នេះ ជាដើមចមដោយសារតែមានការអនុញ្ញាតឲ្យឈ្មួញឈើជនជាតិវៀតណាមចូលមកកាប់ព្រៃឈើក្នុងទឹកដីខ្មែរ ហើយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរក ថាតើ ក្នុងចំណោមជនសង្ស័យទាំងនេះ តើនរណាជាអ្នកអនុញ្ញាតឲ្យវៀតណាមចូលមកកាប់ព្រៃឈើនៅទឹកខ្មែរ ពោលអ្នកពាក់ព័ន្ធ។
ទោះជាបែបណា លោក សៅ សុខា មិនបានពន្លយពាក្យថា វៀតណាមជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនោះទេ ហើយជុំវិញការចោទសួរជាសំណួរថា តើសមត្ថកិច្ចរឹតបន្ដឹងបន្ថែមបែបណាទៀត ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ បន្ទាប់ពីមន្រ្តីការពារព្រៃឈើ ត្រូវបានសម្លាប់ លោក សៅ សុខា ឆ្លើយតបថា រដ្ឋាភិបាលមិនដែលដកថយឡើយ ជុំវិញការទប់ស្កាត់ ឬបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែលោកបញ្ជាក់ថា បទល្មើសព្រៃឈើចែកចេញជាពីរប្រភេទ មួយស្របច្បាប់ មួយខុសច្បាប់ ពោលផ្ទុយពីគ្រឿងញៀន។
សូមបញ្ជាក់ថា ក្រោយករណីបាញ់សម្លាប់មន្រ្តីការពារព្រៃឈើ៣នាក់ នៅតំបន់អូរហ៊ុច ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ហើយនោះ រដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាអ្នកបញ្ជាក្នុងរឿងនេះ បានដាក់ផែនការដ៏មុតស្រួច ឲ្យកម្លាំងចម្រុះចុះអង្កេត និងបំបែកសំណុំរឿងបាញ់សម្លាប់មន្រ្តីការពារព្រៃឈើឲ្យខានតែបាន។ ក្រោយទទួលបានបញ្ជានេះ កម្លាំងចម្រុះមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនគរបាលជាតិ រួមនឹងអាជ្ញាធរខេត្តពាក់ព័ន្ធ បានចុះប្រមាញ់ និងស្រាវជ្រាវអង្កេត រហូតឈានដល់ការចាប់ខ្លួនជនពាក់ព័ន្ធសរុប៥នាក់ ក្នុងនោះមានមន្រ្តីយោធា និងមន្រ្តីប៉ូលិស។
ក្នុងចំណោមជនពាក់ព័ន្ធទាំង៥នាក់ ប៉ូលិសប្រាប់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូរលែ ឈ្មោះ ផល ពេញ ហើយជនម្នាក់នេះ គឺជាជនដៃដល់បាញ់សម្លាប់មន្រ្តីការពារព្រៃឈើ៣នាក់ រួមមាន ១/ឈ្មោះ សេក វឌ្ឍនា មន្រ្តីអាវុធហត្ថ ២/ឈ្មោះ តើន សុខណៃ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន និងទី៣/ឈ្នោះ ថុល ខ្នា បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល៕















