
ភ្នំពេញៈ ស្រ្តីម្នាក់ ជិះម៉ូតូជូនមិត្តភ័ក្តិទៅផ្ទះ រួចត្រឡប់មកវិញ ត្រូវបានជនសង្ស័យពីរនាក់ ជិះមួយគ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច បណ្ដាលឲ្យម៉ូតូរងរបួសបែកមុខបែកមាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៥០នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៨២ ខាងលិចស្តុបទេពផន ប្រមាណជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ នួន កញ្ជនី ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅផ្ទះជួលមួយកន្លែង ក្បែរផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីម្នាក់ ត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីហាត់ការការងារនៅមន្ទីរពេទ្យរុស្ស៊ី ដល់ពេលចប់ម៉ោងការងារ ជនរងគ្រោះបានជិះម៉ូតូឌុបរូបគាត់ជូនមកផ្ទះនៅម្តុំសាលារៀនវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ក្រោយពីជូនរូបគាត់មកដល់ផ្ទះរួច ជនរងគ្រោះបានបន្តដំណើរតែម្នាក់ឯងទៅផ្ទះវិញ ដោយជិះម៉ូតូម៉ាក ហុងដា គុប ពណ៌សម្បកឪឡឹក ស្លាកលេខ ស្វាយរៀង 1B-7628 ទិសដៅពីកើតទៅលិច។

ប្រភពពីកន្លែងកើតហេតុឲ្យដែរថា នៅពេលជនរងគ្រោះ ជិះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកពីក្រោយក្នុងទិសដៅស្របគ្នា ហើយធ្វើសក្មមភាពឆក់កាបូប ដែលគាត់ស្ពាយចំហៀងនៅខាងមុខ តែមិនបានសម្រេច បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់។ ចំណែកជនសង្ស័យ ដោយឃើញសភាពមិនស្រួល បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួមនឹងសាច់ញាត្តិជនងគ្រោះផងដែរ។ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនតាមម៉ូតូឡាំប្រឺតាទៅសង្គ្រោះដោយខ្លួនឯង។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ និងឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕






