Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ស្រ្តីម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានពលរដ្ឋចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី៦ ខែកុម្ភៈ ខណៈជននេះទម្លាក់កញ្ចប់សំណក្នុងផ្សារលើធំថ្មី ឲ្យជនរងគ្រោះរើសហើយនាំជនរងគ្រោះឡើងជិះម៉ូតូបម្រុងទៅដោះខ្សែកមាសប្តូរជាមួយសំណនោះ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាត់ ស្រីរើន ហៅម៉ាប់ ភេទស្រី អាយុ៣០ឆ្នាំ គ្មានមុខរបរពិត មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ឯបក្ខពួកពីរនាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីបែកការ ក្រោយពេលនាំជនរងគ្រោះបម្រុងទៅដោះខ្សែក។ ចំណែកជនរងគ្រោះឈ្មោះ សៅ វិនហេង ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិវាលសង្កាត់ជ្រាវ ក្រុងសៀមរាប។

ប្រភពបន្តថា ដំណើររឿងដំបូងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ត្រង់ចំណុចលក់បន្លែក្នុងផ្សារលើធំថ្មី ក្នុងពេលជនរងគ្រោះកំពុងទិញបន្លែ ក៏ស្រាប់តែជនសង្ស័យខាងលើ បានទម្លាក់កញ្ចប់សំណ ឲ្យជនរងគ្រោះរើស។ ខណៈនោះជនសង្ស័យបានទះស្មា ហើយហៅជនរងគ្រោះឲ្យឡើងជិះម៉ូតូទៅកន្លែងផ្សេង ដោយមានបក្ខពួករបស់គេពីរនាក់ទៀតអមដំណើរ បំណងដោះដូរកញ្ចប់សំណជាមួយខ្សែក និងខ្សែដៃរបស់ជនរងគ្រោះ។ ព្រោះជនសង្ស័យអះអាងថា កញ្ចប់ដែលរើសបានទាំងអស់គ្នានោះជាកញ្ចប់មាស ចឹងដើម្បីចែកគ្នាកុំឲ្យមានគេឃើញត្រូវទៅកន្លែងផ្សេង។

សមត្ថកិច្ចដដែលបន្ថែមថា ជាមួយនឹងសកម្មភាពខាងលើ ក៏ត្រូវបានបុរសអ្នករត់ម៉ូតូឌុបម្នាក់ ដែលមានទីលំនៅក្បែរជនរងគ្រោះឃើញទាន់ ហៅឲ្យចុះពីម៉ូតូជនសង្ស័យ ហើយចាប់ខ្លួនស្ត្រីជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ក្នុងស្ថានភាពនោះ បក្ខពួកពីរនាក់ ដែលរង់ចាំអមដំណើរ បានជិះម៉ូតូ១គ្រឿងទៀតរត់គេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជនសង្ស័យឆ្លើយថា បក្ខពួករបស់ខ្លួនពីរនាក់ទៀតនោះម្នាក់ឈ្មោះ រ៉ា ភេទស្រី និងម្នាក់ទៀតឈ្មោះ ថន ភេទប្រុស ពួកគេនៅក្រុងភ្នំពេញ។ មុនកើតហេតុ ពួកគេបានយកលុយក្លែងក្លាយ៧០០ដុល្លារ និងសំណ១កញ្ចប់ដាក់ក្នុងកាបូប ទម្លាក់ឲ្យជនរងគ្រោះរើស ដោយរូបគេប្រាប់ថា ទៅចែកគ្នានៅកន្លែងផ្សេង ហើយម្នាក់ៗទទួលបាន១០០០ដុល្លារ។ តែទើបឡើងជិះម៉ូតូ ក៏ត្រូវបុរសម្នាក់ចាប់ជាប់ ហើយប្រគល់ខ្លួនឲ្យសមត្ថកិច្ចបែបនេះ។ ក្រោយពីឃាត់ខ្លួនក្នុងបទ ឆបោកមានស្ថានទម្ងន់ទោស ជនសង្ស័យត្រូវបានបញ្ជូនទៅថ្នាក់លើចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor