Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ មន្រ្តី​នគរបាលចរាចរណ៍ម្នាក់ ដែលជាអ្នកជួយសង្គ្រោះ ត្រូវបានបាត់បង់ជីវិតខ្លួនឯង ខណៈដែលបានចេញទៅសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ពីរនាក់ប្តីប្រពន្ធរវាងរថយន្ត និងរថយន្តបុកពីក្រោយ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥  ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៣-៨៤ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ច ដែលចុះដល់កន្លែងកើតហេតុ បាននិយាយឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ វង្សវាសនា អាយុ២៦ឆ្នាំ មានឋានន្តរសក្តិអនុសេនីយ៍ទោ ក្នុងអង្គភាពចរាចរណ៍ផ្លូវគោគនៃស្នងការនគបាលខេត្តកំពង់ឆ្នាំង និងជាកូនទី២ ក្នុងគ្រួសារ ដែលមានទីលំនៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកផ្នែកចរាចណ៍ផ្លូវគោកខេត្តលោកវរសេនីយ៍ឯក  កេត យ៉ុង បានឲ្យ​ដឹងថា មុនពេលកើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុករលាប្អៀ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកកន្ទេលបុកពីក្រោយរថយន្តដឹកស្រូវមួយចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យ​ស្ត្រីជាប្រពន្ធរងរបួសបាក់ដៃ ដោយសារង់ចាំរថយន្តសង្គ្រោះរបស់មន្ទីពេទ្យយូរពេក។

លោកស្នងការរងបន្តថា ក្រោយពេលកើតហេតុកម្លាំង​នគរបាលចរាចរណ៍បានចេញអន្តរាគមន៍ និងបានដឹកយកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធតាមរថយន្តស៊ឺរ៉ែនមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក៏បានជួបគ្រោះថ្នាកចរាចរណ៍ម្តងទៀត ខណៈដែលរថយន្តស៊ឺរ៉ែនបានផ្ទុះកងមុខផ្នែកខាងឆ្វេង រេចង្កូតមកខាងឆ្វេងបុកគល់ឈើ និងតូបលក់ដូរនៅចិញ្ចើមផ្លូវធ្វើឲ្យ​ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យ​នគបាលចរាចរណ៍ខាងលើជាអ្នកបើកបរបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះជាប្តី ដែលជិះក្នុងរថយន្តនគរបាលរងរបួសបាក់ភ្លៅខាងស្តាំ ប្រពន្ធរងរបួសបាក់ដៃជាច្រើនកំណាត់ និងបានកៀបជាប់ក្នុងរថយន្ត ដោយប្រើរយៈពេលយូរ ទើបគាស់ចេញពីក្នុងរថយន្តដឹកបន្តទៅមន្ទីរពេទ្យខេត្ត។

ដោយឡែកសាកសពនគរបាល ត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តយកទៅលំនៅឋានក្រុងភ្នំពេញទាំងយប់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor