
ឧត្តរមានជ័យ៖ ថ្មីៗនេះ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នៅច្រកទា្វរព្រំដែនអន្តរជាតិអូរសា្មច់ បានរិះគន់យ៉ាងខាំ្លងចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិអូរសា្មច់ថា ការធ្វើសំណុំបែបបទទិដ្ឋាការ ឬ ការវាយត្រាលើលិខិតឆ្លងដែន ចូលទៅក្នុងប្រទេសថៃ គឺពួកគាត់ត្រូវតែបង់ថវិកាឲ្យមន្ត្រីអន្តោប្រវេសន៍ ដែលឈរជើងប្រចាំការ នៅប៉ុស្ដិ៍ ចំនួន១០០បាត ទើបអាចចូលទៅបាន បើមិនដូច្នេះទេ នោះពួកគាត់មិនអាចវាយលិខិតឆ្លងដែនចូលទៅបានឡើយ។
ប្រជាពលរដ្ឋ បានបន្ដថា៖ កត្តាទាំងអស់នេះហើយ ជាផលពិបាកសម្រាប់ពួកគាត់ពលរដ្ឋ ទោះបីជាបច្ចុប្បន្ននេះ រដ្ឋាភិបាលមិនតម្រូវឲ្យពលរដ្ឋ ដែលមានលិខិតឆ្លងដែនត្រូវបង់ប្រាក់ ប៉ុន្តែមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅតែទារប្រាក់ថ្លៃវាយលិខិតឆ្លងដែន ពីពួកគាត់ដដែល។ ពួកគាត់ បានលើកឡើងចោទជាសំណួរថា តើបញ្ហានេះ មន្ត្រីថា្នក់លើ នឹងអាជ្ញាធរខេត្ត បានដឹងពីល្បិចខិលខូចរបស់មន្ត្រីខ្លួននៅច្រកទា្វរព្រំដែនអន្តរជាតិអូរសា្មច់នេះដែរឬទេ?។
ពាក់ព័ន្ធបញ្ហានេះ លោក ខេមរា ទទួលបន្ទុកជាអនុប្រធានប៉ុស្តិ៍នគរបាលច្រកទា្វរព្រំដែនអន្តរជាតិអូរសា្មច់បានច្រានចោលការចោទប្រកាន់នេះ លោកថាមន្ត្រីរបស់លោកមិនបានទាមទារប្រាក់១០០បាតពីពួកគាត់ឡើយ តែវាគ្រាន់តែជាប្រាក់ដែលពលរដ្ឋបង់ឲ្យសម្រាប់បាយទឹក ទៅវិញទេ មិនមែនជាការកំណត់ទារប្រាក់ ឬ ក៏ជាការតម្រូវឲ្យពលរដ្ឋត្រូវតែបង់នោះឡើយ ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ បានប្រកាសថា ការធ្វើទិដ្ឋាការ ឬការបំពេញបែបបទទិដ្ឋាការផ្សេងៗ របស់ភ្ញៀវទេសចរជាតិនឹងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់នៅតំបន់ច្រកទា្វរព្រំដែន ដោយមិនតម្រូវឲ្យពលរដ្ឋណាមា្នក់ ឫ ក៏ភ្ញៀវទេសចរមានការបង់ប្រាក់ ឬ ក៏សេវាកម្មអ្វីទាំងអស់ ទៅលើការបំពេញបែបបទធ្វើទិដ្ឋាការ ឫ ក៏ការវៃប៉ះស្ព័រ។


