
ស្វាយរៀងៈ បុរស២នាក់ ដែលជាឃាតករំលោភសម្លាប់នារីរងគ្រោះឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ ក្នុងរថយន្តខ្លួន ហើយយកសពទៅទម្លាក់ចោលក្នុងទឹកក្បែរកែងស្រែ បង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់យ៉ាងខ្លាំងនោះ ត្រូវបានលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាកំណត់ថ្ងៃបើកអង្គសវនាការជំនំជម្រះក្តីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះហើយ។
ជនជាឃាតកដៃដល់ទាំង២នាក់ គឺ៖ទី១.ឈ្មោះ ឆើយ សុជាតិ និងម្នាក់ទៀតឈ្មោះ ផ្លែក សូនី អ្នកទាំង២ គឺជាអ្នករត់តាក់ស៊ីក្នុងចំណតតាក់ស៊ីក្រុងបាវិត ទៅរាជធានីភ្នំពេញ ភ្នំពេញ ក្រុងបាវិត ហើយបានឃុបឃិតគ្នាចាប់រំលោភ ហើយសម្លាប់នារីបុគ្គលិកកាស៊ីណូ Good luck បាវិត ម្នាក់ និងរំលោភសម្លាប់ភ្ញៀវជនជាតិវៀតណាមម្នាក់តាមផ្លូវ គឺមាន២ករណីយ៉ាងសាហាវព្រៃផ្សៃផ្អើលអស់មួយប្រទេសនោះ គឺដល់ពេលយកមកកាត់ទោសហើយ។
បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាកោះហៅកំណត់ថ្ងៃបើកសវនាការជំនុំជម្រះទោសជនសង្ស័យឈ្មោះ ឆើយ សុជាតិនិងឈ្មោះ ផ្លេក សូនី ឃាតករត់តាក់ស៊ីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅសាលកាត់ក្តីនៃសាលាតំបូងខេត្តស្វាយរៀង ដែលមានលោកចៅក្រម ក្រុមប្រឹក្សា សុវណ្ណ ចន្ទ័គ្រឹស្នា ជាប្រធានក្រុមប្រឹក្សា, លោកស្រីចៅក្រម ហេង ផល្លា និងលោកចៅក្រម សោ ពន្លក ជាចៅក្រមប្រឹក្សា,ក្រឡាបញ្ជី លោក ពេញ សុផុន, តំណាងអយ្យការលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ជាតំណាងអយ្យការ។

ទាក់ទិនករណីនេះដែរ ក្រុមគ្រួសារជនរងគ្រោះ និងមហាជនកំពុងតែរង់ចាំប្រមាញ់មើលលទ្ធផលការបើកសវនាការយ៉ាងអន្ទះសារហើយ សង្ឃឹមថា តុលាការសាលាដំបូងខេត្តស្វាយរៀង និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងពីរនាក់ជាក់ជាពុំខាន។
គួរំលឹកផងដែរថា ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ ដែលជិះរថយន្តតាក់ស៊ី ហើយត្រូវបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារ ហើយបានបាត់ខ្លួន២ថ្ងៃចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃ៤ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានក្មេងដើរឃ្វាលក្របីប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកកែងស្រែស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរាយការណ៍ជូនសមត្ថកិច្ចទៅពិនិត្យសាកសព រួចធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅចាប់ឃាត់ខ្លួនឃាតកបានបន្តបន្ទាប់ ហើយបានសាកសួរចម្លើយរហូតជនជាឃាតកដៃដល់ទាំងពីរនាក់ បានសារភាពរួចបានប្រគល់វត្ថុតាង ដែលជាទ្រព្យសម្បត្តិនារីរងគ្រោះផ្តល់ជូនសមត្ថកិច្ច។
បន្ទាប់មកសមត្ថកិច្ចនគបាល គឺលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនៃស្នងការដ្ឋានគបាលខេត្តស្វាយរៀង បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យទាំងពីរដល់មហាជនធ្វើឲ្យមានការរំជើបរំជួលនិងភ្ញាក់ផ្អើលទូទាំងប្រទេស។ ហើយពេលនេះក្រុមគ្រួសារជនរងគ្រោះនិងមហាជនកំពុងអន្ទះសារចង់ដឹងនូវលទ្ធផលនៃសវនាការ របស់លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងហើយសង្ឃឹមថា ក្រុមគ្រួសារជនរងគ្រោះនិងសពជនរងគ្រោះពិតជាទទួលបានយុត្តិធម៌៕



