Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចតេជោ ចង់ឲ្យរោងចក្រ សហគ្រាស ឧស្សាហកម្មទាំងអស់ ក្លាយជាសហគមន៍មួយ ទ្រង់ទ្រង់សេដ្ឋកិច្ចជាតិ។

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករនិយោជិតចំនួន១៥១០៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្ដេចលើកឡើងទៀតថា ត្រូវធ្វើយ៉ាងណា រោងចក្រដែលយើងកំពុងធ្វើការ ក្លាយជាសហគមន៍មួយមានសុវត្ថិភាព ត្រូវមានទំនាក់ទំនងគ្នាល្អ បំពេញឲ្យគ្នាទៅវិញទៅមក ទាំងអស់គ្នា ត្រូវរួមគ្នា ការពារឆ្នាំងបាយរបស់ខ្លួន គឺរោងចក្រ។ ត្រូវមានទំនាក់ទំនងគ្នាល្អ រវាងអ្នកទទួលខុសត្រូវទាំងឡាយ មិនត្រូវឲ្យមានការប្រមាថណាមួយ ចំពោះកម្មករនោះទេ។ មនុស្សកើតឡើងគ្មាន អ្នកណាកើតមកពាក់ទ្រង់គ្រឿង ពាក់មាសមកជាមួយទេ កើតមកស្រាតដូចតែគ្នាទេ។ ត្រូវជួយគ្នាទៅវិញទៅមក ជាពិសេសជួយអ្នកដែលពិបាកជាងយើង។ មិនមានការចាំបាច់បង្កើតឡើង នូវតុលាការការងារនោះទេ គឺយើងគ្រាន់តែសម្របសម្រួលគ្នាទៅ នោះ គឺគ្រប់គ្រាន់ហើយ។ គឺយើងត្រូវរកវិធីដោះស្រាយឲ្យបានឈ្នះទាំងអស់គ្នា កុំឲ្យមានអ្នកឈ្នះ និងអ្នកចាញ់ វាល្អបំផុតហើយ។

សម្តេចតេជោ បានបញ្ជាក់​ថា បាតុភាពកម្មករដួលសន្លប់ ត្រូវរកឲ្យឃើញ។ ឥឡូវមិនត្រឹមតែដួលសន្លប់កម្មករនោះទេ ឈានទៅដល់ដួលសន្លប់កូនសិស្សទៅទៀត។ យើងត្រូវសិក្សាស្រាវជ្រាវ និងដោះស្រាយលើបញ្ហានេះ។

សម្តេច បានបន្តថា ក្មួយៗត្រូវចង់ចាំប្រទេស ដែលមានការអភិវឌ្ឍ ក្មួយៗត្រូវមើលប្រាក់បៀវត្ស ដែលក្មួយៗទទួលបានមកពីណា គឺបានមកពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលជីដូនជីតាឪពុកម្ដាយរបស់ក្មួយៗ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិ។ ប្រសិនបើសង្រ្គាមនៅបន្តក្មួយៗពេលនេះ ម៉ោងនេះ គ្មានឱកាសអង្គុយនៅទីនេះ គ្មានការងារធ្វើនោះទេ។ ប៉ុន្តែឥឡូវនេះដោយសារសន្តិភាព គ្រប់ដណ្ដប់ទូទាំងប្រទេស ទើបអ្នកវិនិយោគ គេមកវិនិយោគនៅប្រទេសយើង។ ឆ្នាំកន្លងទៅនេះ យើងទទួលបានទេសចរ ៥លាន៦សែននាក់ គេយកលុយមកចាយនៅកម្ពុជា  ហើយប្រជាជនខ្មែរ ក៏បានចេញទៅប្រទេសក្រៅច្រើនដែរ។

សម្តេច បានសង្កត់ធ្ងន់ថា គ្មានអ្នកណាទៅវិនិយោគនៅក្នុងប្រទេស មានសង្រ្គាមនោះទេ សូម្បីតែកងទ័ពរបស់យើងនេះ កំពុងស្ថិតនៅប្រទេសក្រៅ ជួយអង្គការសហប្រជាតិ ដើម្បីរក្សាសន្តិភាព។ ពីមុនកម្ពុជាទទួលកងទ័ព ពីក្រៅប្រទេស ដែលគេហៅថា អ៊ុនតាក់ ឥឡូវនេះយើងបានបញ្ជូនកងកម្លាំង ទៅជួយបណ្ដាប្រទេសជាច្រើនវិញ។ សម្តេចថ្លែងថា អ្នកណាបំផ្លាញសន្តិភាព អ្នកនោះ គឺត្រូវមានទោស យើងមិនអនុញ្ញាតឲ្យ អ្នកណាបំផ្លាញសន្តិភាព ការងារនិងប្រាក់ចំណួល ដែលក្មួយៗកំពុងមាន។ ក្មួយៗត្រូវការសន្តិភាព មិនមែនត្រូវការរត់លូននោះទេ។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor