Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យវៀតណាមពិចារណា លើការអភិវឌ្ឍផ្លូវដែក រវាងក្រុងបាវិត ប្រទេសកម្ពុជា ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីទាក់ទាញវិស័យឯកជន ឲ្យវិនិយោគរវាងប្រទេសទាំងពីរ កាន់តែច្រើនឡើង ។

ការស្នើសុំរបស់លោករដ្ឋមន្រ្តីក្រសួងសាធារណការខ្មែរនេះ ខណៈការតភ្ជាប់ផ្លូវដែកពីកម្ពុជាទៅថៃ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ មុនដាច់ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងឱកាសជំនួបការងារ រវាងគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Nguyen Nhat អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម និងលោក ស៊ុន ចាន់ថុល នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានពិភាក្សាលើបញ្ហាអទិភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែក ដែលវៀតណាម និងកម្ពុជាអាចសហការណ៍គ្នា ដើម្បីធ្វើឲ្យប្រសើរឡើង ដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ។

ក្នុងនោះលោក ស៊ុន ចាន់ថុល បានស្នើឲ្យភាគីវៀតណាម ពិចារណាលើការអភិវឌ្ឍផ្លូវដែក រវាងក្រុងបាវិត និងទីក្រុងហូជីមិញ ដើម្បីទាក់ទាញវិស័យឯកជនឲ្យវិនិយោគ ។ គោលបំណងនៃជំនួប ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តក្នុងវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណៈការកម្ពុជា និងក្រសួងដឹកជញ្ជូនវៀតណាម ។

គណៈប្រតិភូ បានជម្រាបពីវឌ្ឍនភាព របស់ក្រុមការងារបច្ចេកទេស ដែលបាន ពិភាក្សាលម្អិត លើអនុស្សរណៈនៃការយោគយល់ ស្តីពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដឹកជញ្ជូន ២០១៨-២០២៥ ដែលនឹងត្រូវបញ្ចប់ ហើយនឹងត្រូវចុះហត្ថលេខា ដោយថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor