Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិកូរ៉េម្នាក់ បានហៅនារីម្នាក់ មកគេងជាមួយដោយតថ្លៃ​ត្រូវរ៉ូវ​គ្នាក្នុងតម្លៃ​១០០​ដុល្លារ តែពេលគេងជាមួយរួចហើយ បុរសរូបនោះ បានបង្ខំឲ្យនាងនៅគេងជាមួយមិត្តភ័ក្តជនជាតិកូរ៉េម្នាក់ទៀត ប៉ុន្តែដោយសារនាងមិនព្រមក៏បានផ្ទុះហិង្សាលើរូបនាង បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ទាំងកណ្ដាលរាត្រី។

ហេតុការណ៍បង្កការភ្ញាក់ផ្អើល និងហួសចិត្តនេះ កើតឡើង​កាលពីវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨នេះ នៅក្នុង​សណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) លើផ្លូវ​ព្រះមុនីវង្ស​ កែងផ្លូវ​មុនីរ៉េត ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីរងគ្រោះបានរៀបរាប់ថា នាងមានឈ្មោះ ម.រ អាយុ២៥ឆ្នាំ មុខរបរ​ធ្វើការនៅ Naga ស្នាក់នៅម្ដុំសូរិយា ភ្នំពេញ។ ចំណែកជនជាតិកូរ៉េទាំងពីរនោះ មិនស្គាល់អត្តសញ្ញាណទេ ដែលបច្ចុប្បន្នស្នាក់នៅក្នុង​សណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace)។

នារីរងគ្រោះប្រាប់ Cam Post នៅកន្លែងកើតហេតុថា ដំបូងឡើយ បុរសជនជាតិកូរ៉េម្នាក់ ដោយ​នឹកឃើញ​ចង់រក​ស្រី​ដេក​យប់ ​ក៏បាន​ទាក់ទងនារីម្នាក់ ដែលនារីរងគ្រោះហៅថា មាម៉ី (ម៉ែយ៉ែម​) ជួយរកឲ្យ ទើបមាម៉ីជាអ្នកទាក់ទងឲ្យរូបនាង ហើយបាន​តថ្លៃ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​១០០​ដុល្លារ ហើយក៏​ឲ្យនាងមកដល់បន្ទប់នៃសណ្ឋាគារ​ អាស៊ាន ​ភេលេស។ នាងបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ជនជាតិកូរ៉េខាងលើ បានឲ្យនាងមកដេកជាមួយរួចហើយ ក៏ឲ្យលុយនាងចេញមកធម្មតាទេ តែលុះនៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី​២០ ខែកុម្ភៈនេះ ដែលជាយប់កើតហេតុ ជនជាតិកូរ៉េខាងលើ បានទាក់ទងឲ្យនាងមកដេកជាមួយទៀត តែប្លែកមានជនជាតិកូរ៉េម្នាក់ទៀត នៅចាំក្នុងបន្ទប់ជាមួយគ្នា។

នាងបន្តថា បន្ទាប់ពីនាងបានដេកជាមួយជនជាតិកូរ៉េខាងលើរួចហើយ រូបនាងក៏បានចូលបន្ទប់ស្លៀកពាក់ ហើយចេញមកទារលុយទៅវិញ ស្រាប់តែជនជាតិកូរ៉េនោះ មិនព្រម ហើយបង្ខំឲ្យនាងដេកជាមួយមិត្តភ័ក្តរបស់គេម្នាក់ទៀត ទើបគេឲ្យទៅវិញ។ តែដោយសារនាងមិនព្រម ទើបជនជាតិកូរ៉េនោះ វាយនាងបណ្ដាលឲ្យមានស្នាមដៃ និងក្បាល ទើបរូបនាងកើតទុក្ខមិនសុខចិត្ត ស្ទុះបើកទ្វារបន្ទប់រត់ចុះមកអង្គុយនៅជាន់ក្រោម រួចទាក់ទងប្រាប់ទៅវិទ្យុ ABC តាមដំណើររឿង។ ភ្លាមៗនោះ ABC បានទាក់ទងរាយការណ៍ទៅកាន់សមត្ថកិច្ចចុះអន្តរាគមន៍ បន្ទាប់មកក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានទៅដល់កន្លែងកើតហេតុផងដែរ។

ក្រោយពីសមត្ថកិច្ចចូលទៅ នាងបានប្រាប់សមត្ថកិច្ចថា ជនជាតិកូរ៉េខាងលើ បាន​តថ្លៃ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​១០០​ដុល្លារ ទើបនាងយល់ព្រមគេងជាមួយ តែពេលគេងជាមួយនាងរួចហើយ គេបានបង្ខំឲ្យនៅគេងជាមួយមិត្តភ័ក្តម្នាក់ទៀត នាងមិនព្រមក៏បានប្រើហិង្សាលើរូបនាងទៀត។

ដោយសារនាងមិនចង់វែងឆ្ងាយទេ ទើបសមត្ថកិច្ចជួយសម្របសម្រួលប្រាប់ជនជាតិកូរ៉េឲ្យលុយនាង តាមការព្រមព្រៀងត្រូវរ៉ូវ​គ្នាចំនួន​១០០ដុល្លារ តែជនជាតិកូរ៉េខាងលើ បើកកាបូបឲ្យមើលមានតែ៤៥ដុល្លារ ហុចឲ្យនាង ហើយថា ស្អែកចាំមកយកទៀត រួចជនជាតិកូរ៉េនោះ ឡើងជណ្ដើរយន្តទៅបាត់។ រីឯសមត្ថកិច្ច ក៏សួរនាំនាងយល់ព្រមទេ នាងមិនដឹងធ្វើយ៉ាងម៉េច មានតែយកសិនទៅ។

ទោះជាយ៉ាងណា ហេតុការណ៍​ផ្ទុះ​ហិង្សាលើនារីរងគ្រោះនេះ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗដែរ តែមិនបាននាំ​ជនជាតិកូរ៉េទាំង២​នាក់​នោះ មក​កាន់​ស្នាក់ការ​ប៉ុស្តិ៍​អូរឫស្សី​២ទេ ​គ្រាន់តែបានជួយ​សម្របសម្រួលបញ្ចប់រឿងនៅកន្លែងកើតហេតុ ទាំងនារីរងគ្រោះមិនអស់ចិត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor