
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេច ស ខេង ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ ជារឿងត្រឹមត្រូវតាមច្បាប់ ក្នុងប្រទេសប្រជាធិបតេយ្យ។
មានអ្នកវិភាគមួយចំនួនថា សភាហ្នឹងវាខុសច្បាប់ អ៊ីចឹងមានន័យថា ច្បាប់ទាំងនេះក៏វាខុសទាំងអស់ បញ្ហានេះគឺយើងបានបកស្រាយហើយ មូលហេតុអីបានគេរំលាយគណបក្សសង្គ្រោះជាតិ មិនតែប៉ុណ្ណោះគេទុករយៈពេលមួយខែដើម្បីឲ្យពួកគាត់ទៅការពារការចោទប្រកាន់ ប៉ុន្តែគាត់មិនទៅ គាត់ជាអ្នកបោះបង់ចោលសិទ្ធិការពារខ្លួនឯងនោះទេ ឥឡូវតុលាការគាត់ធ្វើតាមកាតព្វកិច្ចរបស់គាត់។ នេះគឺជាការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា ដូច្នេះការរំលាយគណបក្សវាអត់ខុសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នោះទេ។ បើមើលតែមួយកំណាត់ គឺថាសភាហ្នឹង វាមិនត្រូវច្បាប់វាមិនមែនដូចការបកសា្រយនោះទេ អ៊ីចឹងអ្នកច្បាប់ត្រូវតែរៀបរាប់ឲ្យមានហេតុមានផល ឲ្យបានច្បាស់លាស់ តាមទិដ្ឋភាពនយោបាយថាមានអ្នកនោះ មានអ្នកនេះគឺតាមមនោសញ្ចេតនារបស់គេ តាមការពិតវាមិនមែនអ៊ីចឹងទេ។ មានអ្នកខ្លះបដិសេធច្បាប់ហ្នឹង គ្រាន់តែដឹងថាច្បាប់គឺជាការចាប់បង្ខំ មានន័យថា មិនចាំបាច់តាមរកការគាំទ្រ ការអនុវត្តច្បាប់នោះទេ។

គួររំលឹកថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល រំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយគ្នានេះ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។