Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៨ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារបញ្ជូនលោក ញឹក ប៊ុនឆៃ មកកាន់តុលាការ ដើម្បីបើកការសាកសួរ ពាក់ព័ន្ធនិងសំណុំរឿងគ្រឿងញៀន។ ឥឡូវនេះ ចៅក្រមតុលាការកំពុងសាកសួរជនសង្ស័យ។

លោក ញឹក ប៊ុនឆៃ ត្រូវបាននាំខ្លួន តាមដីកាបញ្ជាឲ្យនាំខ្លួន ដែលទើបតែចេញ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខា ដោយលោកព្រះរាជអាជ្ញា សៀង សុខ បានបង្គាប់ ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួន លោក ញឹក ប៊ុនឆៃ មកបង្ហាញខ្លួននៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើរឿងសមគំនិត ពីបទ ផលិតគ្រឿងញៀនខុសច្បាប់ និងនាំសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិទី ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧។

ដីកាបញ្ជាក់ថា យើង សៀង សុខ បញ្ជាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលនាម ញឹក ប៊ុនឆៃ ភេទ ប្រុស អាយុ៥៩ឆ្នាំមកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ រាជធានីភ្នំពេញ។

លោក ញឹក ប៊ុនឆៃ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនៅក្នុងករណីគ្រឿងញៀនធំមួយ ក្នុងឆ្នាំ ២០០៧ នៅខេត្តកំពង់ស្ពឺ ហើយនៅពេលនោះ ទីប្រឹក្សារបស់លោកម្នាក់ គឺលោក ជា ជុង ត្រូវ បានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ដោយសារពាក់ព័ន្ធនៅក្នុងការផលិតគ្រឿងញៀននេះ ។ ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០០៧ ក្រោយពីមានការបង្ក្រាបគ្រឿងញៀនដ៏ធំ នៅខេត្តកំពង់ស្ពឺ លោក​បានប្រាប់អំពីការទំនាក់ទំនងជាមួយជនជាប់ចោទ ឈ្មោះ ជា ជុង ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនជាមួយនឹងជនដទៃទៀត។ ជា ជុង ត្រូវបានលោក ញឹក ប៊ុនឆៃ ប្រាប់កាលពីពេល នោះថា ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោកនៅសម័យលោកជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor