Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ​ រហូតមកទល់នឹងព្រលប់ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ ឈើជាច្រើនកំណាត់ដែលកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីបរិស្ថានខេត្តរតនគិរីបង្រ្កាប​ មិនទាន់ត្រូវបានដឹកចេញនៅឡើយទេ​ ពោលរង់ចាំការដឹកចេញនៅថ្ងៃស្អែក​។

មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន​ Cam Post ថា​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថ​ លើផ្ទៃប្រទេស​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ បានដាក់បទបញ្ជាឲ្យកងកម្លាំងខេត្តរតនគិរី​ អនុវត្តការងារបង្រ្កាបបទល្មើសព្រៃឈើឲ្យខានតែបាន​ រហូតកម្លាំងរបស់លោក បានបើកប្រតិបត្តិការ ដោយសហការជាមួយមន្រ្តីបរិស្ថាន​ ឈានដល់ការចាប់ និងរឹបអូសឈើបាន២០១កំណាត់នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលឈ្មួញបានគរលាក់ទុកក្នុងឃ្លាំង១កន្លែង ស្ថិតនៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

បច្ចុប្បន្ន ឈើសុក្រំ ឈើឈ្លីកជាច្រើនដុំ ត្រូវបានកម្លាំងអាវុធហត្ថ ប្រមូលទុកក្នុងទីតាំងនេះដដែល ហើយបានប្រគល់ឲ្យកម្លាំង បរិស្ថានដែនជម្រកសត្វព្រៃលំផាត់គ្រប់គ្រង បន្ត ដោយមានដាក់កម្លាំងយាមកាមផងដែរ។​ លុះព្រឹកថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឈើនេះនឹងដឹកយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថាននៅភូមិសាយោះ ឃុំកាឡែង ស្រុកលំផាត់។

សូមបញ្ជាក់ថា​ ថ្មីៗមកនេះ​ បទល្មើសព្រៃឈើ​ ហាក់មានចំណុចរសើុប​ បន្ទាប់ពីមន្រ្តីការពារព្រៃឈើ៣នាក់ ត្រូវបានមេប៉ុស្តិ៍​ អូរលែ និងគូកន​ បាញ់សម្លាប់កាលពីថ្ងៃទី៣០ ខែមករា​ នៅតំបន់អូហ៊ុច​ ខេត្តមណ្ឌលគិរី​ ជាប់ព្រុំដែនកម្ពុជា-វៀតណាម​ បន្ទាប់មកសមត្ថកិច្ចចម្រុះក៏បានបើកប្រតិបត្តិការបង្រ្កាប និងចាប់ខ្លួនជាបន្តបន្ទាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor