
ភ្នំពេញៈ មនុស្សប្រមាណជាង៣០នាក់ ដែលគេអះអាងថា មានជនជាតិខ្មែរ ចិន និងថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយប្រតិបត្តិការឡោមព័ទ្ធជិត៤ម៉ោង នៅក្រុងភ្នំពេញ និងនៅខេត្តព្រះសីហនុ។
សមត្ថកិច្ច បានប្រាប់ថា ជនជាតិខ្មែរ ចិន និងថៃ ប្រមាណជាង៣០នាក់ នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងភ្នំពេញ សហការជាមួយសមត្ថកិច្ចអន្តរជាតិ ដោយមានការចូលរួមអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានផងនោះ បានធ្វើការឡោមព័ទ្ធ គោលដៅ២កន្លែង នៅសង្កាត់គោកឃ្លៀង និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រៅពីខេត្តព្រះសីហនុ រហូតឈានដល់ការចាប់ខ្លួនពួកគេ ដោយជាប់ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់។
អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង នៅព្រឹកថ្ងៃសុក្រ នេះ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា ព្រឹកមិញនេះ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ បានចុះប្រតិបត្តិឡោមព័ទ្ធឃាត់មនុស្សជាច្រើននាក់ នៅគោលដៅម្ដុំវត្តសំរោងអណ្ដែតមួយ និងនៅក្រោយផ្សារក្រមួនមួយទៀត ហើយករណីនេះ ពាក់ព័ន្ធរឿងចាប់ជំរិតក្នុងប្រទេសថៃ ទោះជាបែបណាលោកអធិការមិនបានបរិយាយលម្អិតទេ ពីព្រោះកម្លាំងអាវុធហត្ថក្រុងភ្នំពេញជាម្ចាស់ករណី។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃសុក្រ នេះ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា ប្រតិបត្តិការជិត៤ម៉ោងនៅព្រឹកមិញ កម្លាំងសមត្ថកិច្ចបានចាប់មនុស្ស៣៦នាក់ ក្នុងនោះមានគោលដៅរាជធានីភ្នំពេញ និងគោលដៅខេត្តព្រះសីហនុ។
លោក សៅ សុខា បញ្ជាក់ថា ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣៦នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះមានខ្មែរ៤នាក់ (ស្រីម្នាក់) ជនជាតិចិនតៃវ៉ាន់៦នាក់ និងជនជាតិថៃ ២៦នាក់ (ស្រី៨នាក់) ក្រៅពីនោះសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន។
នាយឧត្តមសេនីយ៍ផ្កាយ៤ បន្តទៀតថា ក្រុមចាប់ជំរិតទាំងនេះ នឹងត្រូវបញ្ជូនមកតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ក្នុងប្រទេសកម្ពុជា ពីព្រោះប្រមុខរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនអនុញ្ញាតឲ្យជនបរទេសណា ប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្តបទល្មើស ឬប្រឆាំងបំផ្លិចបំផ្លាញសេចក្តីសុខប្រទេសផ្សេងឡើយ៕

















